ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃថ្ងៃសៅរ៍នេះថា មេបញ្ជាការកងបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ច្រកសមុទ្រមេឌីទែរ៉ាណេ អាចនឹងត្រូវបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត បទឧក្រិដ្ឋកម្ម នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមិនបានពន្យល់ទេថាវាអាចធ្វើឡើងដោយរបៀបណានោះ។
អ៊ីរ៉ង់គឺជាអ្នកគាំទ្រក្រុមហាម៉ាសប្រឆាំងអ៊ីស្រាអែល ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងគាំទ្រនូវអ្វីដែលខ្លួនហៅថាជាបទឧក្រិដ្ឋកម្មប្រព្រឹត្តដោយអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ។
ដោយការទម្លាក់គ្រាប់បែកសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យប្រជាជនភាគច្រើនត្រូវចេញពីផ្ទះសម្បែង។
សារព័ត៌មានអ៉ីរ៉ង់ Tasnim បានដកស្រង់សម្តីរបស់ លោកឧត្តមសេនីយទោ Mohammad Reza Naqdi ដែលជាមេបញ្ជាការសម្របសម្រួលនៃកងបដិវត្តន៍ ដែលបាននិយាយថា «ឆាប់ៗនេះ ពួកគេនឹងរង់ចាំការបិទច្រកសមុទ្រមេឌីទែរ៉ាណេ ត្រង់ចំណុច Gibraltar និងផ្លូវទឹកផ្សេងទៀត»។
គួរបញ្ជាក់ថា អ៊ីរ៉ង់មិនអាចចូលទៅកាន់ច្រកសមុទ្រមេឌីទែរ៉ាណេបានដោយផ្ទាល់នោះទេ ហើយគេមិនប្រាកដទេថាកងបដិវត្តន៍អាចបិទផ្លូវនេះតាមរបៀបណា។ ក្រុមតែមួយគត់ដែលគាំទ្រដោយអ៊ីរ៉ង់នៅលើសមុទ្រមេឌីទែរ៉ាណេ គឺហេសប៊ូលឡារបស់លីបង់ ឬកងជីវពលសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៊ីរី ដែលអាចូលទៅតាមច្រក Gibraltar៕