កងទ័ពបាននិយាយកាលពីថ្ងៃពុធ(ទី១២ខែមីនា)ថា ប្រតិបត្តិការយោធាដើម្បីរំដោះចំណាប់ខ្មាំងពីការប្លន់រថភ្លើងនៅភាគនិរតីប្រទេសប៉ាគីស្ថានបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីឧបទ្ទវហេតុនេះបានបណ្តាលឱ្យអ្នកដំណើរយ៉ាងហោចណាស់ 21 នាក់ និងទាហាន4នាក់បានស្លាប់។ប្រភពពីសារព័ត៌មាន Anadolu Agency។
ឧត្តមសេនីយ Ahmad Sharif ដែលជាប្រធានផ្នែកព័ត៌មានរបស់កងទ័ពប៉ាគីស្ថាន បាននិយាយថា ជនសកម្មប្រយុទ្ធទាំង33 នាក់ដែលជាប់សង្ស័យពាក់ព័ន្ធនឹងការប្លន់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា “ជោគជ័យ” ដែលមានរយៈពេល 24 ម៉ោង។
លោកបានបន្ថែម ថាចំណាប់ខ្មាំងទាំងអស់ក៏ត្រូវបានដោះលែងដែរ ។
លោកបានបន្ថែមថា អ្នកដំណើរទាំង21នាក់និងសមាជិកកងកម្លាំងសន្តិសុខម្នាក់ត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធ មុនពេលប្រតិបត្តិការសន្តិសុខចាប់ផ្តើម ខណៈដែលទាហាន 4 នាក់ទៀតត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការដែលពាក់ព័ន្ធនឹងក្រុមសេវាកម្មពិសេសរបស់កងទ័ព និងកងទ័ពអាកាស៕