សម្ដេចធិបតី ច្រានចោលចំពោះការលើកឡើងថា រដ្ឋាភិបាលអស់លុយបើកប្រាក់ខែឱ្យមន្ត្រីរាជការ!

(ភ្នំពេញ)៖ នៅថ្ងៃសុក្រទី(២១ខែមីនា) សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួនថា រាជរដ្ឋាភិបាលអស់លុយបើកប្រាក់ខែឱ្យមន្ត្រីរាជការហើយទើបបោះពុម្ពក្រដាសប្រាក់២០ម៉ឺនរៀល..!។
ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារនិងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលបានគ្រប់គ្រងថវិកាបានត្រឹមត្រូវ និងមិនខ្វះថវិកាសម្រាប់បើកជូនមន្ត្រីរាជការឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថាខែ៤នេះគឺយើងបើកប្រាក់ខែឌុបតែម្ដង ជូនលោកគ្រួអ្នកគ្រូមន្ត្រីរាជការទាំងអស់បូកទាំងប្រាក់៥ម៉ឺនថែមទៀតមិនឱ្យយឺតជាងថ្ងៃ១១ខែមេសាទេ បើកម្ដងទាំងពីរតែម្ដង ដើម្បីលោកគ្រូអ្នកគ្រូអាចចូលឆ្នាំ ព្រោះរាល់ដងយើងបើកប្រាក់ខែ ពីរដងក្នុង១ខែ ចឹងដល់ខែ៤នេះគឺបើកសរុប មិនឱ្យយឺតជាងថ្ងៃ១១ខែ៤បូកជាមួយប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលអ្នកខ្លះគេថា រដ្ឋាភិបាលដាច់យ៉ៃហើយ អស់លុយហើយ បានទៅបោះពុម្ពក្រដាសម្ភៃម៉ឺន ក្រដាស់ម៉ឺនដើម្បីអបអរសាទរពិធីឡើងគ្រងរាជគ្រប់២០វស្សារបស់ព្រះមហាក្សត្រដែលធនាគារជាតិបោះ។

សម្ដេចធិបតីថ្លែងបន្តថាឥឡូវបើសិនយើងបោះដោយសារអស់លុយមែន បោះ២០ម៉ឺនយកមក ប្រាកដជាឃើញក្រដាស២០ម៉ឺនចរាចរណ៍ពេញក្រុងហើយវាអត់មាន បើគេចង់បោះអាហ្នឹង គេមិនបោះ២០ម៉ឺនពិបាកចាយធ្វើអី គេបោះទឹកប្រាក់តូចដែលមិនមានការចាំបាច់ទេ ហើយបើរដ្ឋអស់សាច់ប្រាក់ក្នុងរតនាគារគ្មានលទ្ធភាពណាបើកឌុបក្នុងខែ៤ ហើយបើកទាន់ពេលវេលា បើកឌុបហើយថែមទាំងបើកប្រាក់ឧបត្ថម្ភមិនឱ្យដាច់នោះទេទាំងមន្ត្រី ទាំងមន្ត្រីចូលនិវត្តន៍បើកឱ្យអត់មានដាច់ទេលុយយើងនៅធានាបាន យើងមិនកញ្ជើធ្លុះទេគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើងបានច្បាស់លាស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version