រថយន្ត HUM MER បើកលឿន បុកម៉ូតូផ្ទប់និងគល់ឈើ បណ្ដាលឱ្យស្លាប់ទាំងម្ដាយនិងកូន!

(ភ្នំពេញ​)៖​ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត HUM MERនិងម៉ូតូ បណ្ដាលឱ្យស្រ្តីម្នាក់រួមនិងកូនតូចអាយុ២ខួបស្លាប់ភ្លាមៗ ខណៈបុរសជាប្តី បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់!។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែរវត្តភ្នំតាមបណ្តោយផ្លូវ ព្រះសុីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សពស្រ្តីរងគ្រោះឈ្មោះ គ្រួច សាមឹត ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង(ស្លាប់) ចំណែកប្តីមានឈ្មោះ យឿន យុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបជាកម្មករប្រមូលសំរាម រស់នៅបន្ទប់ជួលជាមួយប្រពន្ធ (របួសធ្ងន់) រីឯកូនទើបតែអាយុ២ខួប ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញប្តីប្រពន្ធរួមទាំងកូនតូចអាយុទើបតែ២ខួប។
ជិៈម៉ូតូម៉ាក NEX ពណ៌សមួយគ្រឿង​ ពាក់ផ្លាកលេខ ព្រៃវែង 1Q-7635 ឌុបគ្នាចេញពីហាងស៊ុបមួយកន្លែង តាមបណ្តោយផ្លូវព្រះសុីសុវត្តិ​ ទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម ។

លុះមកដល់ចំណុចកើតហេតុខាងលើទល់មុខនិងសណ្ឋាគារ LCS ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក HUM MERពណ៌ខ្មៅ មិនចាំស្លាកលេខ។
ធ្វើដំណើរមកពីក្រោយតាមបណ្តោយផ្លូវព្រះសុីសុវត្តិក្នុងទិសដៅស្របគ្នា ពីត្បូងមកជើង។

ក្នុងល្បឿនយ៉ាងលឿន រួចបានជ្រុលទៅបុកម៉ូតូពីក្រោយម៉ូតូយ៉ាងពេញទំហឹងផ្លោងទាំងម៉ូតូនិងជនរងគ្រោះទៅផ្ទប់និងដើមឈើមួយដើម។

បណ្តាលឲ្យស្រ្តីជាប្រពន្ធបានស្លាប់ភ្លាមៗ ចំណែកឯកូនតូចអាយុ១ខួបជាងរួមនិងបុរសជាប្តីបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែអកុសលដោយស្ថានភាពក្មេងធ្ងន់ធ្ងរពេកក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្ដង​ ។
ចំណែកបុរសជាឪពុកកំពុងតែសង្គ្រោះបន្ទាន់។​

ក្នុងហេតុការណ៍នេះរថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

​ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានចុះមកដល់​ និងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន​ ។
រីឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version