ក្រុមមន្ត្រីនិយាយថា មនុស្សយ៉ាងហោចណាស់ 18 នាក់បានស្លាប់ និងជិត 20 នាក់បានរងរបួស។
ដោយសារភ្លើងឆេះព្រៃនៅតំបន់ជាច្រើននៅទូទាំងតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង។
ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យ និងទាហានរាប់ពាន់នាក់ កំពុងតស៊ូដើម្បីគ្រប់គ្រងភ្លើងដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។
នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨នាក់ហើយ កាលពីថ្ងៃពុធ ។
ដែលជាថ្ងៃទីប្រាំមួយ នៃអគ្គីភ័យ ដែលត្រូវបានបញ្ឆេះដោយខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួតខ្លាំង។
យោងតាម Yonhap ជនរងគ្រោះ៤នាក់បានឆេះស្លាប់ បន្ទាប់ពីពួកគេបានព្យាយាមរត់គេចពីភ្លើង ខណៈដែលរថយន្តរបស់ពួកគេបានក្រឡាប់ ពួកគេត្រូវបានគេប្រទះឃើញស្លាប់នៅលើផ្លូវមួយកាលពីយប់ថ្ងៃអង្គារ។
សេវាព្រៃឈើកូរ៉េបាននិយាយថា អ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃយ៉ាងសកម្មចំនួន 5 នៅទូទាំងប្រទេសគិតត្រឹមព្រឹកថ្ងៃពុធ។
ភ្លើងឆេះព្រៃនេះ បានចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រនៅក្នុងស្រុក Sancheong ក្នុងខេត្ត Gyeongsang ភាគខាងជើង មុនពេលរាលដាលដល់ស្រុក Uiseong ដែលស្ថិតនៅចម្ងាយប្រហែល 180 គីឡូម៉ែត្រ (111 ម៉ាយ) ភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូល ហើយបានឈានទៅដល់ស្រុក Andong Cheongsong Yeongyang និង Yeongdeok។
មន្ត្រីនៅក្នុងទីក្រុង Andong និងទីក្រុងទីប្រជុំជនភាគអាគ្នេយ៍ផ្សេងទៀតបានបញ្ជាឱ្យប្រជាជនជម្លៀសចេញ ខណៈដែលក្រុមពន្លត់អគ្គីភ័យព្យាយាមទប់ស្កាត់ភ្លើងដែលបានឆេះព្រៃជាង 17,000 ហិកតា (42,000 ហិចតា) និងបានបំផ្លាញសំណង់រាប់រយរួមទាំងប្រាសាទ Gounsa ដែលមានអាយុកាលជាង 1,000 ឆ្នាំនៅ Uiseong ផងដែរ។
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយថា ភ្លើងឆេះសន្ធោសន្ធៅនេះ លើសពីការព្យាករណ៍ទាំងអស់ សម្រាប់គ្រោះមហន្តរាយបែបនេះ។
លោក Han បាននិយាយថា ភ្លើងឆេះព្រៃដែលឆេះរយៈពេលប្រាំថ្ងៃជាប់ៗគ្នានៅក្នុងតំបន់ Ulsan និងតំបន់ Gyeongsang កំពុងបង្កការបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមក។
យោងតាម យ៉ុនហាប់ យោធាកូរ៉េខាងត្បូង បានដាក់ពង្រាយសមាជិកសេវាប្រមាណ 5,000 នាក់ និងបានបញ្ជូនឧទ្ធម្ភាគចក្រ 146 គ្រឿង ដើម្បីជួយពន្លត់ភ្លើង រួមជាមួយអ្នកពន្លត់អគ្គីភ័យរាប់ពាន់នាក់។
ជាមួយគ្នានោះអ្នកទោសប្រហែល 500 នាក់នៅពន្ធនាគារក៏ត្រូវបានផ្ទេរទៅកន្លែងផ្សេងទៀតនៅខាងក្រៅតំបន់គ្រោះថ្នាក់ភ្លើងផងដែរ៕