សារព័ត៌មាន NBC បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ៣០ ខែមីនាថា លោក ខឹងខ្លាំងចំពោះមេដឹកនាំរុស្ស៊ី គឺលោក Vladimir Putin ពាក់ព័ន្ធកិច្ចចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន..!។
លោកស្រី Kristen Welker របស់ទូរទស្សន៍ NBC បាននិយាយថាលោក Trump បានទូរស័ព្ទទៅលោកស្រីដើម្បីបង្ហាញពីការខឹងសម្បារបស់លោកចំពោះលោកPutin ដែលសួរអំពីអនាគតរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងនាមជាមេដឹកនាំ ជាអ្វីមួយដែលលោក Trump ខ្លួនឯងក៏ធ្លាប់បានលើកឡើងពីរឿងនេះដែរ។
លោកស្រី Welker នៅក្នុងកម្មវិធី NBC “Meet The Press របស់ខ្លួន កាលពីថ្ងៃអាទិត្យ ត្រូវបានដកស្រង់ដោយផ្ទាល់ពីការសន្ទនាតាមទូរស័ព្ទពេលព្រឹកជាមួយប្រធានាធិបតី។
លោក Trump បាននិយាយថា ប្រសិនបើរុស្ស៊ី និងរូបលោកមិនអាចធ្វើកិច្ចព្រមព្រៀងស្តីពីការបញ្ឈប់ការបង្ហូរឈាមនៅអ៊ុយក្រែន ហើយប្រសិនបើលោកគិតថាវាជាកំហុសរបស់រុស្ស៊ី លោកនឹងដំឡើងពន្ធលើប្រេងទាំងអស់ដែលនាំចេញពីប្រទេសរុស្ស៊ី។
លោកTrump បានប្រាប់លោកស្រី Welker ថាលោក “ខឹងខ្លាំងណាស់” ចំពោះការអត្ថាធិប្បាយថ្មីៗរបស់លោក Putin អំពីសមត្ថភាពរបស់លោក Zelenskyy និងការនិយាយអំពីមេដឹកនាំថ្មីនៅអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិករូបនេះ បាននឹងកំពុងជំរុញឱ្យមានការបញ្ចប់សង្គ្រាមរយៈពេលជាង ៣ ឆ្នាំឲ្យបានរហ័សចាប់តាំងពីចូលកាន់តំណែង ប៉ុន្តែរដ្ឋបាលរបស់លោក បានបរាជ័យក្នុងការឈានទៅដល់ការទម្លាយភាពជាប់គាំង បើទោះបីជាមានការចរចាជាមួយភាគីទាំងពីរក៏ដោយ៕