សម្ដេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនកម្ពុជា នៅប្រាសាទអង្គរវត្ត!

(សៀមរាប)៖ នៅព្រឹកទី១៤ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

យាង និមន្ត និងចូលរួមក្នុងព្រះរាជពិធីនេះរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និងមន្ត្រីរាជការជាច្រើនរូបទៀត។

ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលអំណរនៃការផ្លាស់ឆ្នាំចាស់ ចូលឆ្នាំថ្មី ក្រោមម្លប់ព្រះបារមីនៃ ព្រះករុណាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គបានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីបួងសួងចម្រើន សេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដែលនឹងផ្ដល់នូវសេចក្តីសុខចម្រើន ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គជារៀងដរាបតរៀងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *