កាលពីថ្ងៃអង្គារ(ទី១៥ ខែមេសា) វិមានក្រឹមឡាំង បាននិយាយថា មិនទាន់មានផែនការណាមួយច្បាស់លាស់ សម្រាប់កិច្ចព្រមព្រៀងរវាងអាមេរិកនិងរុស្ស៊ី ស្តីពីបញ្ហាអ៊ុយក្រែននៅឡើយទេ។
ប៉ុន្តែមានឆន្ទៈនយោបាយ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀង ពិតប្រាកដ។
ប្រភពពីសារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពណ៌នាទំនាក់ទំនងជាមួយអាមេរិកថា មានភាពវិជ្ជមាននិងមានប្រយោជន៍។
ប៉ុន្តែបានបញ្ជាក់ថា ទីក្រុងមូស្គូនឹងមិនកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់ដំណោះស្រាយដោយសន្តិភាពនោះទេ។
លោកបានបន្ថែមថាមិនទាន់មានគម្រោងច្បាស់លាស់នៃកិច្ចព្រមព្រៀងនៅឡើយទេ ប៉ុន្តែមានឆន្ទៈនយោបាយដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ។
ទោះជាយ៉ាងនេះក្តី អ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន បានបង្ហាញការសង្ស័ ដោយលើកឡើងថា រុស្ស៊ី មិនមានភាពស្មោះត្រង់ក្នុងការចង់បញ្ចប់ជម្លោះនោះទេ ហើយបានចោទប្រកាន់ទីក្រុងមូស្គូថា កំពុងព្យាយាមអូសបន្លាយការចរចាជាមួយអាមេរិក។
ជាការឆ្លើយតប រុស្ស៊ីអះអាងថាបញ្ហានេះមានភាពស្មុគស្មាញ ហើយវាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលត្រូវចំណាយពេលដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង៕