រឿងដកប្រាក់១០ដុល្លារ ម្ចាស់តូបទ្រូម៉ានី បើកឱ្យតែ៣៥.៥០០រៀល កើតជាជម្លោះនិងហិង្សាឃាត់ខ្លួន២នាក់!

(កណ្តាល)៖ ផ្តើមពីជនរងគ្រោះ ទៅដកប្រាក់ចំនួន១០ដុល្លារ(ស្មើ ៤០.០០០រៀល) នៅតូបទ្រូម៉ានីក្បែរផ្ទះ។
ប៉ុន្តែម្ចាស់តូប បើកអោយតែ ៣៥.៥០០រៀល កើតជាជម្លោះប្រកែកតឹងសសៃករ បង្កជាហិង្សាដោយចេតនា ត្រូវសមត្ថកិច្ច នាំយកទៅប៉ុស្តិ៍ទាំងអស់គ្នា និងធ្វើការឃាត់ខ្លួន ជនសង្ស័យ០២នាក់ ជាម្ចាស់តូបទ្រូម៉ានី ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកសំរោង(៣) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៏ត្រី ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលរដ្ធបាលតាខ្មៅ បានប្រាប់ថា ជនរងគ្រោះមានចំនួន០២នាក់៖
១- ឈ្មោះ សៀក សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ (ប្តី)។
មានរបួសពកក្បាលមួយកន្លែងនិងរបួសត្រង់ដៃខាងឆ្វេងមួយកន្លែង។ ២-ឈ្មោះជៃ សៀងហៃ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រោងចក្រ (ប្រពន្ធ) មានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ មិនមានរងរបួសទេ ។
ចំណែកជនសង្ស័យ
មានចំនួន០២នាក់៖
១-ឈ្មោះសៀង គីមសាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ (ប្តី) រងរបួសពកថ្ងាសមួយកន្លែងនិងរលាត់ត្រចៀកខាងស្តាំ០១កន្លែង( ឃាត់ខ្លួន)។ ២-ឈ្មោះជិន ណារ៉ូ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ប្រពន្ធ) របួសត្រង់ផ្ទៃមុខ រលាត់ត្រង់ត្របកភ្នែកខាងស្តាំនិងខៀវត្របកភ្នែកខាងឆ្វេងផ្នែកខាងលើព្រមទាំងរលាត់ចង្កាផ្នែកខាងក្រោម និងមានទីលំស្ថឹតក្នុងភូមិសង្កាត់កើតហេតុជាមួយគ្នា ។

វត្ថុតាងចាប់យក៖ ទូរសព្ទដៃ០១គ្រឿងម៉ាកOPPO, កំណាត់ឈើមូល២កំណាត់, ខ្សែក្រវ៉ាត់០១។
សម្ភារៈខូចខាត ទូរសព្ទដៃ០១គ្រឿងម៉ាកOPPOពណ៌ខៀវ។

លោកនាយប៉ុស្តិ៍បន្តថា យោងតាមកាមេរ៉ាសុវត្ថិភាពនៅ វេលាកើតហេតុ ប្រពន្ធជនសង្ស័យឈ្មោះ ជិន ណារ៉ូ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ជាមួយជនរងគ្រោះឈ្មោះ សៀក សូវណ្ណ ស្រាប់តែជនសង្ស័យឈ្មោះ សៀង គីមសាន បានចូលមកដល់ចាប់វៃទៅលើជនរងគ្រោះឈ្មោះ សៀក សុវណ្ណ ហើយប្រពន្ធជនសង្ស័យឈ្មោះ ជិន ណារ៉ូ បានវៃពីក្រោយផងដែរ។
បន្ទាប់មកជនសង្ស័យ បានទាយខ្សែក្រវ៉ាត់ រកវាយជនរងគ្រោះ និងយកដងឈើវាយទៅលើជនរងគ្រោះបន្ថែមទៀត។
លោកនាយប៉ុស្តិ៍ប្រាប់បន្ថែមទៀតថា ដោយសារជនរងគ្រោះ(ប្តីប្រពន្ធ)បានទៅដកលុយនៅកន្លែងទ្រូម៉ានី របស់ជនសង្ស័យឈ្មោះ សៀង គីមសាន និងប្រពន្ធឈ្មោះ ជិន ណារ៉ូ (នៅក្នុងកុងទ្រូម៉ានីរបស់ឈ្មោះ សៀក សុវណ្ណ មានទឹកប្រាក់តែ១០ដុល្លារគត់)។
ពេលនោះខាងជនសង្ស័យឈ្មោះ សៀង គីមសាន ម្ចាស់ទ្រូម៉ានី បានដកទឹកប្រាក់ឲ្យទៅឈ្មោះសៀក សុវណ្ណ បានតែ៣៥.៥០០រៀល ។

ដោយនៅក្នុងកុងទ្រូម៉ានី នៅសល់ ទឹកប្រាក់៨០សេន និង២០សេនទៀតត្រូវបានខាងក្រុមហ៊ុនទ្រូម៉ានី កាត់យក តែពេលឈ្មោះ សៀក សុវណ្ណ មិនព្រមទទួលយកលុយនោះទេ ។
ព្រោះគិតថា ខាងជនសង្ស័យយកសេវ៉ាថ្លៃម្ល៉េះ ហើយក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរហូតឈានដល់វាយតប់គ្នាទៅវិញទៅមកមានរបួសស្នាមរាងៗខ្លួន និងក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅធ្វើការអន្តរាគមន៍យកមកសួនាំនៅប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
តាមចម្លើយឆ្លើយរបស់ជនសង្ស័យ គាត់ពិតជាបានប្រតាយប្រតប់ជាមួយជនរងគ្រោះ ហើយបានចូលក្នុងផ្ទះយកដងឈើមូល វាយជនរងគ្រោះបណ្តាលអោយមានរបួសស្នាមពិតប្រាកដមែន។

បច្ចុប្បន្ន៖ ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *