កាលពីថ្ងៃពុធ(ទី២៣ ខែមេសា) ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាសន្តិភាព ប៉ុន្តែមិនដើម្បីចុះចាញ់នោះឡើយ ខណៈដែលខ្លឹមសារលម្អិតបានលេចឡើងនៅក្នុងសេចក្តីរាយការណ៍ ស្តីពីសំណើរបស់អាមេរិក សម្រាប់កិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញ អ៊ុយក្រែនត្រូវលះបង់ ទឹកដីរបស់ខ្លួនស្ទើរតែទាំងអស់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតត្រារបស់កងកម្លាំងរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។
លោកស្រី Svyrydenko បានបង្ហោះសារយ៉ាងដូច្នេះថា កិច្ចព្រមព្រៀងនឹងមិនអាចកើតមានឡើយ ប្រសិនបើវាផ្តល់ឱ្យរុស្ស៊ីនូវមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីប្រមូលផ្តុំកម្លាំងឡើងវិញ រួចត្រឡប់មកសាជាថ្មី ជាមួយហិង្សាកាន់តែខ្លាំង។ ប្រជាជនរបស់យើង នឹងមិនទទួលយកដាច់ខាត ចំពោះជម្លោះដែលត្រូវបានផ្អាក តែបន្លំធ្វើជាសន្តិភាព។ លោកស្រីបានបន្តថា បទឈប់បាញ់ពេញលេញមួយ ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក គឺជាជំហានដំបូងដែលចាំបាច់បំផុត៕