កាលថ្ងៃព្រហស្បតិ៍(ទី២៤ ខែមេសា )ចិនបានបញ្ជូនអវកាសយានិកក្រុមថ្មីទៀត ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន។ ខណៈទីក្រុងប៉េកាំងបន្តបោះជំហានជាលំដាប់ឆ្ពោះទៅរកគោលដៅ នៃការនាំយកមនុស្សទៅដល់លើផ្ទៃរបស់ព្រះចន្ទ។
ប្រភពពីសារព័ត៌មាន AFP។
បេសកកម្ម Shenzhou-20 បានចេញដំណើរពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan ភាគពាយព្យប្រទេសចិន តាមរយៈរ៉ុក្កែតអវកាស Long March 2F ដើម្បីនាំយកអវកាសយានិក៣រូប ឡើងទៅកាន់ស្ថានីយអវកាស Tiangong។ ក្រុមអវកាសយានិកថ្មីនេះ នឹងចំណាយពេល៦ខែ ស្នាក់នៅទីនោះ ហើយធ្វើកិច្ចការងារ ពិសោធន៍ផ្សេងៗ ដែលបម្រើជាប្រយោជន៍ដល់ គោលដៅពោរពេញដោយមហិច្ឆតា ក្នុងការនាំយកអវកាសយានិកចិន ទៅដល់លើផ្ទៃព្រះចន្ទឱ្យបាន នៅត្រឹមឆ្នាំ២០៣០ ហើយសាងសង់មូលដ្ឋានមួយនៅទីនោះ ថែមទៀត។ បេសកកម្មមុន គឺ Shenzhou-19 បានចាកចេញពីផែនដី កាលពីខែតុលា ឆ្នាំ២០២៤ ហើយនឹងឈានដល់កាលបរិច្ឆេទបញ្ចប់ នៅថ្ងៃទី២៩ ខែមេសា៕