Update៖ អ៊ីស្រាអែល វាយប្រហារលើប៉ុស្តិ៍ប៉ូលិសនៅតំបន់ហ្គាហ្សា ស្លាប់២៦នាក់!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៤ ខែមេសា) អ៊ីស្រាអែល បានវាយប្រហារលើប៉ុស្តិ៍ប៉ូលិសមួយកន្លែងក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប និងទីតាំងដទៃទៀត បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនស្លាប់យ៉ាងតិច២៦នាក់។

ប្រភពពីសារព័ត៌មាន Reuters។

ក្រុមគ្រូពេទ្យបាននិយាយថា មីស៊ីលពីរគ្រាប់បានវាយប្រហារចំប៉ុស្តិ៍ប៉ូលិសនៅ Jabalia បណ្តាលឲ្យមនុស្សយ៉ាងតិច ១០នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ យោធាអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារនេះ សំដៅលើមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម ដែលក្រុមទាំងនេះប្រើប្រាស់ដើម្បីរៀបចំផែនការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល ហើយបានចោទក្រុមសកម្មប្រយុទ្ធថា បានកេងប្រវ័ញ្ចជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល។
អាជ្ញាធរសុខាភិបាលក្នុងតំបន់បានបន្ថែមថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកផ្សេងទៀតនៅទូទាំងតំបន់ហ្គាហ្សា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅថ្ងៃព្រហស្បតិ៍ កើនដល់យ៉ាងតិច ២៦នាក់។
គួរបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់កាលពីខែមករាបានដួលរលំនៅថ្ងៃទី ១៨ ខែមីនា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១,៩០០នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version