កាលពីថ្ងៃសៅរ៍(ទី២៦ ខែមេសា) មន្ត្រីហាម៉ាស់ម្នាក់ បាននិយាយ ថាក្រុមហាម៉ាស់បើកចំហចំពោះកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ដែលគេនឹងឃើញចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងជាថ្នូរនឹងបទឈប់បាញ់រយៈពេល៥ឆ្នាំ ខណៈក្រុមអ្នកចរចារបស់ហាម៉ាស់ជួបចរចាជាមួយក្រុមអ្នកសម្របសម្រួល។
ប្រភពពីសារព័ត៌មាន AFP។
ក្រុមប្រតិភូរបស់ហាម៉ាស់ បានទៅដល់ទៅដល់ទីក្រុងគែរ ដើម្បីពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួលអេហ្ស៉ីប ស្ដីពីបទឈប់បាញ់ចំពេលនៅឯសមរភូមិឯណោះវិញ ក្រុមអ្នកជួយសង្រ្គោះបានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច៣៥នាក់។ ស្របពេលជាមួយគ្នា អង្គការសហប្រជាជាតិ ក៏បានព្រមានដែរថាជិត៨សប្ដាហ៍មកនេះនៃការបិទខ្ទប់របស់អ៊ីស្រាអែល ស្បៀងអាហារនិងថ្នាំពេទ្យសម្រាប់ប្រជាជនហ្កាហ្សា គឺត្រូវបានប្រើប្រាស់ជិតអស់ហើយ។
មន្ត្រីហាម៉ាសម្នាក់ បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងបទឈប់បាញ់ រយៈពេល ៥ឆ្នាំ។ការលើកឡើងរបស់មន្ត្រីហាម៉ាស់រូបនេះ កើតមានឡើងបន្ទាប់ពីហាម៉ាស់ បានច្រានចោលសំណើមួយរបស់អ៊ីស្រាអែលដែលក្នុងនោះរួមមានបទឈប់បាញ់រយៈពេល ៤៥ថ្ងៃ ជាថ្នូរទៅនឹង ការដោះលែងចំណាប់ខ្មាំងនៅមានជីវិត ១០នាក់៕