(តាកែវ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូម៉ែត្រ ។
ក្នុងឱកាសនោះ សម្ដេចធិបតី បានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម។
ខណៈក្នុងខែមេសានេះ កម្ពុជា-ចិន បានចូលរួមសម្ពោធសមិទ្ធផលជាច្រើនជាមួយគ្នា ក្នុងនោះមានមូលដ្ឋានទ័ពជើងទឹករាម ផ្លូវជាតិនៅខេត្តត្បូងឃ្មុំ និងផ្លូវជាតិចំនួន៣ខ្សែនៅក្នុងខេត្តតាកែវ នាថ្ងៃនេះ។
សម្ដេចធិបតី បានមានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន កាលពីពេលថ្មីៗនេះ ។
គឺជាសារមួយបង្ហាញនូវទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជ-ចិន ដែលមានទំនាក់ទំនងនេះជាមួយគ្នាជាយូរអង្វែងតាំងពីព្រះករុណា ព្រះមរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន។
សម្ដេចធិបតី បានថ្លែងថា សមិទ្ធផលផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម គឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើនការវិនិយោគនៅខេត្តតាកែវ ហើយអាចតភ្ជាប់ទៅដល់ខេត្តកំពត ខេត្តកែប រហូតដល់ខេត្តកោះកុងផងដែរ។
សម្ដេចធិបតី ខ្សែផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣បាននិងកំពុងបន្តជំរុញវឌ្ឍនភាពការងារលើគ្រប់វិស័យជាអាទិភាព និងបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត ជាពិសេសការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ រួមទាំងការបន្ត បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងឡូជីស្លីក សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទេសចរណ៍នៅកម្ពុជា។
សម្ដេចធិបតី បានថ្លែងថា រយៈពេលមួយឆ្នាំមកនេះ សម្ដេចបានចុះហត្ថលេខាឱ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពតពីរបីទៅហើយ ខណៈកាលពីពេលថ្មីៗនេះ ទើបតែបានសម្ពោធជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត និងកំពុងបន្តវិនិយោគលើរោងចក្រមួយចំនួនទៀត។
សម្ដេចធិបតី ការដាក់ចេញនូវគោលនយោបាយអាទិភាពផ្សេងៗ របស់រាជរដ្ឋាភិបាល ទៅដល់វិនិយោគិននានាទាំងក្នុង និងក្រៅប្រទេសគឺបានទាក់ទាញកំណើនវិនិយោគជាច្រើនមកដាក់ការវិនិយោគដោយផ្ទាល់នៅកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ។
សម្ដេចធិបតី បានថ្លែងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ។
ប៉ុន្ដែបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្តដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន។
សម្ដេចធិបតី មានប្រសាសន៍ថា ជីវិតពលរដ្ឋត្រូវការកត្តាសំខាន់ៗចំនួន៣ ក្នុងនោះទី១ កត្តាសុខភាព ទី២ កត្តាចំណេះដឹង និងទី៣ កតា្តជីវភាព តាមរយៈការផ្ដល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋ ។
ខណៈរាជរដ្ឋាភិបាលបានជំរុញខ្លាំងណាស់ លើគោលនយោបាយអាទិភាព និងវិធានគន្លឹះនានាដើម្បីធ្វើយ៉ាងណាផ្ដល់នូវអាទិភាពទាំងនេះទៅដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែង និងចំគោលដៅ។
សម្ដេចធិបតី បានថ្លែងថា តាមរយៈការគិតគូរដល់ជីវភាពប្រជាពលរដ្ឋ និងមន្រ្ដីរាជរដ្ឋា កាលពីថ្ងៃទី២៨ ខែមេសា ម្សិលមិញនេះ សម្ដេចទើបតែចុះហត្ថលេខាលើ អនុក្រឹត្យ ស្តីពី ការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនចំនួន ២ ម៉ឺនរៀលបន្ថែមទៀត។
សម្ដេចធិបតី បញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនក្នុងការទិញរថយន្តជាលក្ខណៈគ្រួសារ ពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងច្រើន ក្រៅពីនេះការទិញអចលនទ្រព្យជាលក្ខណៈគ្រួសារក៏មានការកើនឡើងផងដែរ។ លទ្ធផលនេះបង្ហាញពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា មិនថាឡើយសង្គ្រាមជាមួយកូវីដ-១៩ ឬសង្គ្រាមពាណិជ្ជកម្ម, រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន គឺនៅជាមួយប្រជាពលរដ្ឋជានិច្ច មិនដែលរត់ចោលពលរដ្ឋឡើយ។
សម្ដេចធិបតី ថ្លែងថា នៅក្នុងឆ្នាំ២០២៥ នេះពន្ធគយទទួលបាន ចំណូលជិតម្ភៃលានដុល្លារក្នុងមួយថ្ងៃ។
ចំណូលពន្ធគយនេះមួយចំនួនបានមកពីពលរដ្ឋទិញរថយន្ត លក្ខណៈគ្រួសារយកទៅប្រើប្រាស់។
នេះបញ្ជាក់ឱ្យឃើញថា ពលរដ្ឋកម្ពុជាបន្តមានជីវភាពធូរធារ ហើយកម្ពុជាក៏បន្តមានកំណើនសេដ្ឋកិច្ចផងដែរ។
សម្ដេចធិបតី ផ្លូវគឺជាអាទិភាពទ២ ក្នុងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតមកដល់អាណត្តិទី៧នេះហើយផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដូច្នេះការរៀបចំតភ្ជាប់ផ្លូវគឺជាយុទ្ធសាស្រ្ដសំខាន់ណាស់សម្រាប់ការពង្រាយសេដ្ឋកិច្ចនៅក្នុងសង្គមកម្ពុជា។
សម្ដេចធិបតី ការតភ្ជាប់ផ្លូវ គឺជាការបើកផ្លូវ និងលើកកម្ពស់ជីវភាព សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ មានផ្លូវមានសង្ឃឹម មានផ្លូវផ្ដល់ឱកាសដល់ពលរដ្ឋអាចទាញយកផលនៅមូលដ្ឋាន ដូច្នេះទើបរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដជាតិ។
សម្ដេចធិបតី ថ្លែងថា ផ្លូវលេខ៤៤ ដែលតភ្ជាប់ពីទីរួមខេត្តកំពង់ស្ពឺ ទៅភ្នំឱរ៉ាល់ នឹងត្រូវធ្វើឱ្យកាន់តែប្រសើរនៅពេលឆាប់ៗខាងមុខនេះ ដើម្បីភា្ជប់ពីទីរួមខេត្តកំពង់ស្ពឺ ទៅឱរ៉ាល់ ចេញពីឱរ៉ាល់ទៅកោះកុង។
សម្ដេចធិបតី ក្នុងអាណត្តិនេះ សម្ដេចបានប្រកាសមិនឱ្យបង្កើតពន្ធថ្មី ដើម្បីផ្ដល់ចំណូលទៅដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងថ្លៃសេវារដ្ឋផ្សេងៗ ដែលមិនបានកាត់ពន្ធ។
សម្ដេចធិបតី ប្រាក់កម្ចីដែលកម្ពុជាខ្ចីបុលពីប្រភពមួយចំនួន គឺរាជរដ្ឋាភិបាលយកមកវិនិយោគលើការកសាងហេដ្ឋារចនាសម្ពន្ធតភ្ជាប់នានាដែលមានដូចជា ស្ពាន និងផ្លូវជាដើម ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា កម្ចីទាំង នេះ គឺរាជរដ្ឋាភិបាលមិនយកមកប្រើខុសគោលដៅអភិវឌ្ឍន៍ ឬយកមកបើកប្រាក់ខែជូនមន្ត្រីរាជការ គ្រប់ប្រភេទនោះឡើយ។
សម្ដេចធិបតីបន្ថែមថា សព្វថ្ងៃប្រាក់ខែមន្ត្រីរាជការ គឺរដ្ឋាភិបាលយកចំណូល ដែលបានមកពីពន្ធនានាបើកជូនមន្ត្រីរាជការទាំងនោះ។
សម្ដេចធិបតី ជំរុញឱ្យវិស័យឯកជន អ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី ។
ខណៈរាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានទាំងផ្លូវគោក ផ្លូវទឹក ដែលបានផ្ដល់ឱកាសច្រើនដល់ការវិនិយោគនៅទីនេះ៕