(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សេរីភាពសារព័ត៌មាន គឺចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត!។
ក្នុងបរិបទនេះ ការវាស់វែងតួនាទីនិងការអនុវត្តការងាររបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និង ព័ត៌មានពិត ។
បានបង្កើតជំនឿទុកចិត្ត សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តី សម្រេចចិត្ត និងរួមកម្លាំងគ្នាដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការបញ្ជាក់នេះបានធ្វើឡើងនៅ សន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពី តួនាទីយ៉ាង សំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវមានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងទិវាសេរីភាពសារព័ត៌មាន និងជួបជុំពិសារអាហារ សាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦កាលពីថ្ងៃទី៣ឧសភាឆ្នាំ២០២៤ក៏បានផ្តល់តម្លៃខ្ពស់ចំពោះសេរីភាពខាងសារព័ត៌មានថាបានចូលរួមថែរក្សាសុខសន្តិភាព, ការអភិវឌ្ឍប្រទេសជាតិ និង ពង្រឹងលទ្ធិប្រជា ធិបតេយ្យ។
ទន្ទឹមនេះសម្តេចបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលទទួលយកព័ត៌មានទាំងវិជ្ជមាន ទាំងអវិជ្ជមាន ដែលមានក្រមសីលធម៌ ដើម្បីមានមូលដ្ឋានច្បាស់លាស់យក ទៅដោះស្រាយ។
លើសពីនេះទៅទៀតសម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបំពេញការងារ ប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជ រដ្ឋាភិបាល ដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និង ចូលរួមថែរក្សា សុខសន្តិភាព និង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង ។
ដោយមើលឃើញអំពីតួនាទីរបស់សេរីភាពខាងសារព័ត៌មាននៅក្នុងការចូលរួមជួយអភិវឌ្ឍន៍សង្គម ក្រសួងព័ត៌មានបានបង្កើនការគ្រប់គ្រង វិស័យព័ត៌មាននិងសោតទស្សន៍ ដោយជំហ និងឆន្ទៈមុះមុត ក្នុងការបន្តលើកកម្ពស់សេរីភាពសារព័ត៌មាន និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងការធានា លំហព័ត៌មានឌីជីថល។
ដែលមានសុវត្ថិភាពសម្រាប់ការពារប្រយោជន៍ ភាពសុខសាន្ត និង អាយុជីវិតរបស់ប្រជាពលរដ្ឋ។
ការងារនេះបានបង្ហាញឡើងតាមរយៈការដាក់អោយប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយបានជួយតម្រង់ទិសអ្នកសារព័ត៌មាននៅក្នុងការបំពេញការងារដោយមិនរើសអើងនយោបាយ សាសនា និងជាតិសាសន៍ ប្រកបដោយគុណភាពនិងមានផលប្រយោជន៍ដល់សង្គមជាតិ។
តាមស្ថិតិក្រសួងព័ត៌មានក្នុងឆ្នាំ២០២៤កន្លងនេះ មានអ្នកសារព័ត៌មានប្រមាណ ១០ ០០០ នាក់ និង ស្ថាប័នសារព័ត៌មាន ជាង ២ ០០០ អង្គភាព ។
នេះមិនទាន់រាប់អ្នកសារព័ត៌មានពលរដ្ឋ ដែលផលិតមាតិការ ខណៈរដ្ឋាភិបាលកម្ពុជាមិនបានហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម មានហ្វេសបុក យូធូប និងតិចតុកនោះឡើយ។ នេះបានបង្ហាញថា កម្ពុជាមានសេរីភាពក្នុងការបង្កើតអង្គភាពសារព័ត៌មាន។
យោងតាមការស្ទង់មតិរៀបចំដោយក្រសួងព័ត៌មាន ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ហើយបានបង្ហាញកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ។
នេះបើតាមចម្លើយអ្នកស្ទង់មតិចំនូន៨១,៤ភាគរយ ខណៈ ៧២,២ភាគរយ បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ដោយឡែកក្នុងនោះ ៩,២ភាគរយបានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។
ការស្ទង់មតិនេះបានធ្វើចំពោះអ្នកសារព័ត៌មានសរុបចំនួន ៤៦៧នាក់ដែល តំណាងអ្នកសារព័ត៌មានទូទាំងប្រទេស។
ការស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃ ការសិក្សាលើកទី២ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន។
ដោយបានអនុវត្តវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យ គោល ឆ្នាំ២០២៤៕