Update៖ សម្ដេចតេជោ អនុញ្ញាតឱ្យលោកបណ្ឌិត បាក់ អុកស៊ូ(Ock Soo Park)ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ចូលជួបសម្ដែងការគួរសម!

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ(ទី ២ ខែឧសភា ឆ្នាំ២០២៥) សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Ock Soo Park ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត Ock Soo Park និងសហការី ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ ក៏បានសង្កេតឃើញអំពីការធ្វើសកម្មភាពជាច្រើនរបស់អង្គការ IYF នៅកម្ពុជា និងក្នុងស្មារតីនេះ សម្តេចសង្ឃឹមថា អង្គការ IYF នឹងបន្តរួមចំណែកជាមួយកម្ពុជា ដើម្បីបោះជំហានទៅមុខជាមួយគ្នាបន្តទៀត។
នៅក្នុងឱកាសជំនួបនេះ លោកបណ្ឌិត Ock Soo Park បានសម្តែងនូវមោទនភាព ក្តីសោមនស្សរីករាយក្រៃលេង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម។
លោកបណ្ឌិត Ock Soo Park បានជម្រាបជូនអំពីសកម្មភាពរបស់អង្គការ IYF ដែលមានប្រតិបត្តិការទាំងនៅកម្ពុជា និងតាមបណ្តាប្រទេសនានានៅលើពិភពលោក ដែលអង្គការនេះ មានទិសដៅអប់រំបណ្តុះបណ្តាល យុវជន។លោកបណ្ឌិត Ock Soo Park បានបន្តលើកឡើងថា នៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ប្រទេសណាក៏មានបញ្ហាយុវជនដែរ។ ដូចនេះ ការអប់រំបណ្តុះបណ្តាលយុវជន មានសារៈសំខាន់ណាស់ ដើម្បីឱ្យក្លាយជាធនធានមនុស្សដ៏ល្អនៅប្រទេសនីមួយៗ។ នៅក្នុងន័យនេះ លោកបណ្ឌិតOck Soo Park បានលើកឡើងដោយការប្តេជ្ញាចិត្តថា អង្គការ IYF នឹងបន្តធ្វើសកម្មភាពអប់រំយុវជនកម្ពុជា និងជាមួយគ្នានេះ បានសម្តែងនូវការថ្លែងអំណរគុណចំពោះសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រសកម្មភាពរបស់ IYF កន្លងមក។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះសកម្មភាពរបស់អង្គការ IYF នៅកម្ពុជា នាពេលកន្លងមក។ សម្តេចបានចង្អុលបង្ហាញថា បញ្ហាពាក់ព័ន្ធនឹងយុវជន គឺជាបញ្ហាធំ ដោយហេតុថាដើម្បីមានធនធានមនុស្សល្អ គឺការយកចិត្តទុកដាក់ត្រូវចាប់ផ្តើមពីកុមារ និងយុវជន។ ចំពោះកម្ពុជា សម្តេចតេជោ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ គឺចាប់ផ្តើមតាំងពីដំបូង ពោលគឺចាប់ពីពេលស្ត្រីមានផ្ទៃពោះ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់គោលនយោបាយឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ២ឆ្នាំ។ ដល់ពេលវ័យចូលរៀន ការគិតគូរយកចិត្តទុកដាក់ ក៏ត្រូវបានផ្តោតទៅលើការរៀបចំមត្តេយ្យសាលា ដែលមានលក្ខណៈសមរម្យ និងការថែទាំដល់ក្មេងៗ ដូចជានៅតាមបណ្តារោងចក្រ ដើម្បីអនុញ្ញាតឱ្យឪពុកម្តាយមានពេលបំពេញការងារ។
សម្តេចតេជោ ក៏បានបន្ថែមថា ជាមួយនឹងកំណើនប្រជាជនកម្ពុជា ទោះបីជាអត្រាកំណើនមានការថមថយចុះ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យអប់រំ តាមរយៈការបន្តសាងសង់សាលារៀន ដែលពីមុនការសិក្សារៀនសូត្រ គឺពឹងផ្អែកទៅលើទីវត្តអារាម ហើយអគារសិក្សាក៏ពុំមានគ្រប់គ្រាន់នៅតាមបណ្តាស្រុក-ខេត្ត។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបង្កឱកាសឱ្យកុមារ យុវជន និងយុវតីទទួលបានការសិក្សា សម្តេចបានគូសរំលេចថា ពីមុន កូនសិស្សដើររកសាលា តែបច្ចុប្បន្ន សាលាដើររកកូនសិស្ស។ បន្ថែមពីលើនេះ សម្តេចបានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈយុវជន ១លាន៥សែននាក់ ដើម្បីជាធនធានរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សម្តេចតេជោ ក៏បានលើកឡើងអំពីការផ្ទេរអំណាចជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលភាគច្រើនជាយុវជន ហើយដែលពីកាលពីទសវត្សរ៍ ១៩៨០ និង ១៩៩០ យុវជនពុំសូវមានឱកាសនោះទេ។ នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់សម្តេចក្នុងការដឹកនាំប្រទេសតាំងពីពេលសម្តេចជាយុវជនមកម្លេះ។
ជាចុងក្រោយ សម្តេចតេជោ បានជូនពរលោកបណ្ឌិត Ock Soo Park និងសហការី ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *