Update៖ ប៉ាគីស្ថាន កំពុងបើកប្រតិបត្តិការយោធាប្រឆាំងនិងឥណ្ឌា!

នៅថ្ងៃសៅរ៍(ទី១០ខែឧសភា) ប៉ាគីស្ថានបានឱ្យដឹងថា ខ្លួនបានបើកប្រតិបត្តិការយោធាជាផ្លូវការប្រឆាំងឥណ្ឌា ដោយកំណត់គោលដៅលើ មូលដ្ឋានជាច្រើន រួមមានទាំងកន្លែងស្តុកមីស៉ីល នៅតំបន់ភាគខាងជើងនៃប្រទេសឥណ្ឌា ខណៈទាំងពីរបន្តប្រយុទ្ធគ្នា ដែលកំពុងមានស្ថានភាពអាក្រក់បំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍។

ប្រភពពីសារព័ត៌មាន Reuters។

ប៉ាគីស្ថានបាននិយាយថា មុនការបើកប្រតិបត្តិការនោះ គឺឥណ្ឌាបានបាញ់មីស៉ីលមកលើមូលដ្ឋានទ័ពអាកាសរបស់ខ្លួន៣កន្លែង ក្នុងនោះ១កន្លែង ស្ថិតនៅកៀករដ្ឋធានីអ៉ីស្លាម៉ាបាដ ប៉ុន្តែភាគច្រើនត្រូវបានបាញ់ស្ទាក់ដោយប្រព័ន្ធកាពារដែនអាកាសប៉ាគីស្ថាន។ ប្រទេសទាំងពីរបានប៉ះទង្គិចគ្នា ចាប់តាំងតែពីថ្ងៃពុធសប្តាហ៍នេះ នៅពេលឥណ្ឌាបានបើកប្រតិបត្តិការយោធាតាមផ្លូវអាកាស ចូលក្នុងទឹកដីប៉ាគីស្ថាន ដើម្បីកម្ទេចនូវអ្វីដែលខ្លួនហៅថា «ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ»ហើយប៉ាគីស្ថានបានប្តេជ្ញាសងសឹកវិញ។
យោធាប៉ាគីស្ថានបានប្រាប់ថា ទីតាំងស្តុកមីស៉ីល BrahMos របស់ឥណ្ឌា ត្រូវបានកម្ទេចនៅតំបន់ Beas ហើយមូលដ្ឋានទ័ពអាកាស Pathankot នៅខេត្ត Punjab ភាគខាងលិចប្រទេសឥណ្ឌា និងមូលដ្ឋាន Udhampur នៅផ្នែកនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ក៏ត្រូវបានវាយប្រហារផងដែរ។ បើតាមការអះអាងរបស់យោធាប៉ាគីស្ថាន ឥណ្ឌាបានប្រើយន្តហោះចម្បាំង បាញ់មីស៉ីលមកលើមូលដ្ឋានទ័ព៣កន្លែងរបស់ខ្លួន ក្នុងនោះ១កន្លែងស្ថិតនៅទីក្រុង Rawalpindi ក្បែររដ្ឋធានីអ៉ីស្លាម៉ាបាដ និង២កន្លែងទៀតនៅខេត្ត Punjab ភាគខាងកើតប្រទេស។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌាលើប៉ាគីស្ថាន កាលពីថ្ងៃពុធ គឺជាការសងសឹកសម្រាប់ករណីបាញ់រះលើក្រុមអ្នកទេសចរហិណ្ឌូ នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីខែមេសាកន្លងទៅ។ ឥណ្ឌាបានចោទថា ប៉ាគីស្ថានមានជាប់ពាក់ព័ន្ធក្នុងករណីនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version