ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk កាលពីថ្ងៃសុក្រ(ទី៩ខែឧសភា) បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រថ្មីនៅទីក្រុង Nancy របស់បារាំងក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ថាមពល និងអធិបតេយ្យភាពឧស្សាហកម្ម។
ប្រភពពីសារព័ត៌មានReuters។
ដោយពណ៌នាអំពីមិត្តភាពបារាំង-ប៉ូឡូញថាជាសម្ព័ន្ធភាពនៃបេះដូងលោក Macron បាននិយាយថា សន្ធិសញ្ញានេះគឺជាចំណុចរបត់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះអឺរ៉ុបដែលមានអធិបតេយ្យភាព និងរឹងមាំជាងមុន។
លោក Macron បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ Tusk បន្ទាប់ពីពិធីចុះហត្ថលេខានេះថា យើងកំពុងកសាងសាមគ្គីភាពដែលមិនអាចត្រឡប់វិញបានដោយផ្អែកលើការជឿទុកចិត្តដែលបានបង្កើតតាមរយៈវិបត្តិនានា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ” ។
សន្ធិសញ្ញានេះរួមបញ្ចូលទាំងឃ្លាការពារទៅវិញទៅមក និងជំនួយដែលពង្រឹងការប្តេជ្ញាចិត្តនៅក្រោម NATO និង EU ខណៈពេលដែលអំពាវនាវឱ្យមានការពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុបផងដែរ។
លោក Macron បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយពន្លឿនការវិនិយោគរួមគ្នានៅក្នុងមូលដ្ឋានឧស្សាហកម្មការពារជាតិអឺរ៉ុប រួមទាំងការផលិតអាវុធ និងគ្រាប់រំសេវផងដែរ។លោកបានបន្តថា យើងចង់កសាងភាពជាដៃគូការពារជាតិដែលរួមបញ្ចូលគ្នាយ៉ាងពិតប្រាកដ ។
លោកបានបញ្ជាក់ថា សមយុទ្ធយោធារួមគ្នារវាងបារាំង និងប៉ូឡូញកំពុងស្ថិតក្រោមការពិចារណា ហើយបាននិយាយថា ប្រទេសទាំងពីរនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការធានាការពារគ្នាទៅវិញទៅមកដែលមានចែងក្នុងសន្ធិសញ្ញា៕