Update៖ អាមេរិក-អារ៉ាប៊ីសាអូឌីត ចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ!

កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រជាមួយប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលដែលមហាអំណាចប្រេងមួយនេះ បានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ ដែលមានគោលបំណងប្រមូលទុនវិនិយោគរាប់ពាន់លានដុល្លារ។

ប្រភពពីសារព័ត៌មាន Reuters។

ព្រះអង្គម្ចាស់ រាជទាយាទ Mohammed bin Salman បាន ទទួល បដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅចំពោះលលោកត្រាំ នៅពេលលោកអញ្ជើញដល់អារ៉ាប៊ីសាអូឌីត។ ក្រោយ មក ថ្នាក់ដឹកនាំទាំងពីរបានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនដែលទូរទស្សន៍រដ្ឋ អារ៉ាប៊ីសាអូឌីត រាយការណ៍ថាគ្របដណ្ដប់លើវិស័យ ថាមពលការពារជាតិការរុករករ៉ែ និងវិស័យផ្សេងៗទៀត។ទន្ទឹមគ្នានេះសេតវិមានបានបង្ហាញ ថាអារ៉ាប៊ីសាអូឌីតមានផែនការ វិនិយោគទឹកប្រាក់៦០០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ដោយក្នុងនោះមានកិច្ចព្រមព្រៀងលក់ អាវុធដ៏ធំមួយ មានតម្លៃជិត១៤២ ពាន់លានដុល្លារ។
ក្នុងជំនួបជាមួយព្រះអង្គម្ចាស់រាជទាយាទនៅទីក្រុងរីយ៉ាដ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងដូច្នេះថាខ្ញុំពិតជាជឿជាក់ថា យើងចូលចិត្តគ្នាទៅវិញទៅមកណាស់។ កាសែត Wall Street Journal បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំមួយនៅព្រះបរមរាជវាំង លោក ត្រាំ បានហៅព្រះអង្គម្ចាស់រាជទាយាទថាជាមិត្តហើយបានបញ្ជាក់ថា ពួកគេមានទំនាក់ទំនងល្អ។ លោក ត្រាំ ក៏បានរំលឹកពីដំណើរទស្សនកិច្ចឆ្នាំ ២០១៧ របស់លោកនិងបានលើកឡើងថា ការវិនិយោគរបស់អារ៉ាប៊ីសាអូឌីត នឹងជួយបង្កើតការងារនៅអាមេរិក។ លោកថែមទាំងបាននិយាយបែបលេងសើចថា ការសន្យាវិនិយោគ ៦០០ពាន់លានដុល្លារ អាចនឹងឡើងដល់ ១ពាន់ពាន់លានដុល្លារ។
លោក ត្រាំ ដែលត្រូវបានអមដំណើរដោយមេដឹកនាំធុរកិច្ចអាមេរិកជាច្រើនរូប រួមទាំងមហាសេដ្ឋី Elon Musk នឹងបន្តដំណើរពីទីក្រុងរីយ៉ាដ ទៅកាន់ប្រទេសកាតានៅថ្ងៃពុធ និងអារ៉ាប់រួមនៅថ្ងៃព្រហស្បតិ៍។ ដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថា ផ្តោតសំខាន់លើការវិនិយោគ ជាជាងបញ្ហាសន្តិសុខក្នុងតំបន់ហើយការមិនចូលទស្សនកិច្ចនៅ អ៊ីស្រាអែលបានបង្កចម្ងល់ពីអាទិភាពរបស់ អាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version