សម្ដេចធិបតី អំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិ ដើម្បីធានាដល់សង្គមជាតិ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ណែនាំដល់កងកម្លាំងនគរបាលជាតិក្នុងការពង្រឹងសន្ដិសុខ ស្ថេរភាពនយោបាយ និងសុខុដុមនីកម្មសង្គម ឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការប្រឆាំងដាច់ខាតរាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង សកម្មភាពវិទ្ធង្សនា បង្ករចលាចល ជាពិសេសបដិវត្ដពណ៌ ព្រមទាំងខិតខំទប់ស្កាត់ បង្ការបណ្ដាញភារវកម្ម បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់នៅក្នុងយុគសម័យឌីជីថល ដោយត្រូវយកចិត្ដទុកដាក់ពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិជាមួយដៃគូរសំខាន់ៗ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព នៅក្នុងការរក្សានៅសន្ដិភាព សន្ដិសុខជាតិ និងសន្ដិសុខសង្គមកម្ពុជា។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចគូសបញ្ជាក់ថា នៅក្នុងន័យនេះការការពារសិទ្ធិមូលដ្ឋានរបស់មនុស្ស គឺសិទ្ធិក្នុងការរស់នៅដោយសុខសន្ដិភាព ស្ថេរភាព និងសេចក្ដីសុខក្សេមក្សាន្ដ ដោយមិនមានការភ័យខ្លាច ឬការច្របូកច្របល់នៅក្នុងសង្គម។

សម្ដេចធិបតី បានមានប្រសាសន៍បន្ដថា សិទ្ធិនៅក្នុងការបញ្ចេញមតិ សិទ្ធិនៅក្នុងការប្រតិបត្ដិសាសនា សិទ្ធិក្នុងការធ្វើសកម្មភាពនយោបាយផ្សេងៗ ត្រូវធានាឱ្យបាននូវក្របខណ្ឌមួយដែលច្បាប់អនុញ្ញាតិ ហើយត្រូវធានានូវសុច្ចរិតភាព តម្លាភាព និងការទទួលខុសត្រូវ ជាពិសេសទៅលើប្រធានបទសំខាន់ៗដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ រឿងបូរណភាពទឹកដី និងរឿងប្រឆាំងជាតិសាសន៍នានា។

សម្ដេចធិបតី គូសបញ្ជាក់ថា ការបារម្ភរឿងបែកបាក់ជាតិនេះហើយ ដែលជាបញ្ហាធ្វើឱ្យប្រទេសយើងធ្លាក់ចុះពីប្រទេសមហាអំណាច។ សង្រ្គាមនៅក្រៅប្រទេសជាតិជាផ្នែកមួយ ប៉ុន្ដែមួយផ្នែកធំគឺការបាត់ទំនុកចិត្ដរវាងប្រជាជននិងប្រជាជន ជាពិសេសគឺការបង្កើតនូវបញ្ហាព័ត៌មានក្លែងក្លាយ ការឈានចាប់យកនូវព័ត៌មានផ្សេងៗដែលមិនពិតប្រាកដដើម្បីយកមកដុត ធ្វើឱ្យមានការប្រះស្រាំគ្មានទំនុកចិត្ដរវាងប្រជាជននិងប្រជាជន ប្រជាជននិងរដ្ឋាភិបាលស្របច្បាប់ ដែលទទួលសិទ្ធិពីការបោះឆ្នោតពីប្រជាជនដ៏ច្រើនលើសលប់ អនុលោមតាមរដ្ឋធម្មនុញ្ញ ដើម្បីបំពេញភារកិច្ចក្នុងរយៈពេល៥ឆ្នាំ បម្រើជាតិ មាតុភូមិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ពិតណាស់ការដោះស្រាយបញ្ហា គឺមិនល្អឥតខ្ចោះគ្រប់ពេលវេលានោះទេ ប៉ុន្ដែអ្វីដែលសំខាន់គឺត្រូវថែរក្សានូវសន្ដិភាព ស្ថេរភាពបរិស្ថាន ពង្រឹងនូវភាពវិជ្ជមាន និងកែបន្ថយនូវចំណុចអវិជ្ជមានតាមច្បាប់។ អ៊ីចឹងហើយ ការការពារដាច់ខាតនូវសុខសន្ដិភាព ស្ថេរភាព និងសន្ដិសុខជូនប្រជាពលរដ្ឋគឺជាអ្វីដែលយើងត្រូវអនុវត្ដឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version