សម្តេចធិបតី អញ្ជើញសម្ពោធដាក់​ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់!

(កំពង់ស្ពឺ)៖ នៅព្រឹកទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

រោងចក្រស៊ីម៉ងតិ៍ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ គឺជារោង​ចក្រ​ទី២ របស់ក្រុមហ៊ុន ខនស៍ ស៊ីមេន។ រោងចក្រទី១ ស្ថិតនៅស្រុក​រត​ន​មណ្ឌល ខេត្តបាត់ដំបង សម្ពោធដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៨។

រោងចក្រថ្មីសម្ពោធដាក់ឱ្យដំណើរការនាព្រឹកថ្ងៃនេះ កើតចេញពីការ​វិនិ​យោគរួមគ្នាដោយក្រុមហ៊ុន Conch International Holdings (HK) Limited និងក្រុមហ៊ុន ខេធី ស៊ីមេន កំពង់ស្ពឺ ជាមួយទុនសរុបចំនួន ២៥០​​លានដុល្លារអាមេរិក ហើយមានសមត្ថភាពផលិតរហូតដល់២,២ លាន​តោនក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងប្រទេស និង​អាច​ឈានទៅនាំចេញផងដែរ។

រោងចក្រនេះ ចាប់ផ្តើសាងសង់នៅឆ្នាំ២០២៣ លើផ្ទៃដីប្រមាណ ៤០៧​ហិក​តា។
តាមរយៈរោងចក្រនេះ រួមចំណែកផ្តល់ការងារផ្ទាល់​ប្រមាណ ៤៥០​នាក់ និងការងារប្រយោលប្រមាណ ១ពាន់នាក់ថែមទៀត។

ស៊ីម៉ងតិ៍ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​លំនៅឋាននានា ដែលកំពុងមានតម្រូវការ​ខ្ពស់នៅ​កម្ពុជា​នាពេល​បច្ចុ​ប្បន្ន​ក្នុងរង្វង់ជាង១០លានតោន។ ដូច្នេះការវិនិយោគបង្កើតរោងចក្រ​ផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើ​ប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា។

របាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតមក​ទល់ឆ្នាំ​២០២៥នេះ កម្ពុជាមានរោងចក្រចំនួន៦ ដែលបានបោះទុនវិនិយោគ​សរុបប្រមាណ ១,១១ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូន​ប្រជា​ពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។

រោងចក្រទាំង៦ មានសមត្ថភាព​ផលិត​ស៊ីម៉ងត៍បានប្រមាណ ១១លានតោនក្នុងមួយឆ្នាំ ដែលបាន​ប្រែ​ក្លាយ​កម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេស​មាន​លទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់​ផ្តើម​នាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណជាង ៣០,០០០តោន​ក្នុងឆ្នាំ២០២៤ ថែមទៀតផង។

បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុ​ម​ហ៊ុន​ចំនួន ៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន។

សូមបញ្ជាក់ថា រោងចក្រដែលកំពុង​ដំណើរការ​នៅកម្ពុជា រួមមាន៖​រោងចក្រស៊ីម៉ងតិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd), រោងចក្រស៊ីម៉ងតិ៍​កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd), រោងចក្រស៊ីម៉ងតិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation), រោងចក្រស៊ីម៉ងតិ៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត,រោងចក្រស៊ីម៉ង​តិ៍ថៃ​ប៊ុនរ៉ុង និងរោងចក្រស៊ីម៉ងតិ៍ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version