(កំពង់ស្ពឺ)៖ នៅព្រឹកទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
រោងចក្រស៊ីម៉ងតិ៍ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខនស៍ ស៊ីមេន។ រោងចក្រទី១ ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង សម្ពោធដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៨។
រោងចក្រថ្មីសម្ពោធដាក់ឱ្យដំណើរការនាព្រឹកថ្ងៃនេះ កើតចេញពីការវិនិយោគរួមគ្នាដោយក្រុមហ៊ុន Conch International Holdings (HK) Limited និងក្រុមហ៊ុន ខេធី ស៊ីមេន កំពង់ស្ពឺ ជាមួយទុនសរុបចំនួន ២៥០លានដុល្លារអាមេរិក ហើយមានសមត្ថភាពផលិតរហូតដល់២,២ លានតោនក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងប្រទេស និងអាចឈានទៅនាំចេញផងដែរ។
រោងចក្រនេះ ចាប់ផ្តើសាងសង់នៅឆ្នាំ២០២៣ លើផ្ទៃដីប្រមាណ ៤០៧ហិកតា។
តាមរយៈរោងចក្រនេះ រួមចំណែកផ្តល់ការងារផ្ទាល់ប្រមាណ ៤៥០នាក់ និងការងារប្រយោលប្រមាណ ១ពាន់នាក់ថែមទៀត។
ស៊ីម៉ងតិ៍ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លំនៅឋាននានា ដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្នក្នុងរង្វង់ជាង១០លានតោន។ ដូច្នេះការវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា។
របាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រចំនួន៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។
រោងចក្រទាំង៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោនក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណជាង ៣០,០០០តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។
បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុមហ៊ុនចំនួន ៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន។
សូមបញ្ជាក់ថា រោងចក្រដែលកំពុងដំណើរការនៅកម្ពុជា រួមមាន៖រោងចក្រស៊ីម៉ងតិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd), រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd), រោងចក្រស៊ីម៉ងតិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation), រោងចក្រស៊ីម៉ងតិ៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត,រោងចក្រស៊ីម៉ងតិ៍ថៃប៊ុនរ៉ុង និងរោងចក្រស៊ីម៉ងតិ៍ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន៕