នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនៅថ្ងៃចន្ទ(ទី១៩ខែឧសភា)ថា អ៊ីស្រាអែលនឹងគ្រប់គ្រងគ្រប់ផ្នែកទាំងអស់នៃតំបន់ហ្គាហ្សានិងកម្ទេចក្រុមហាម៉ាស់ឲ្យទាល់តែបាន ទោះបីជាត្រូវបង្ខំចិត្តអនុញ្ញាតឲ្យជំនួយមនុស្សធម៌មួយចំនួនចូល បន្ទាប់ពីមានសម្ពាធខ្លាំងពីអាមេរិកជុំវិញវិបត្តិអត់ឃ្លានក៏ដោយ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងសារវីដេអូមួយ លោក Netanyahu បានសន្យាសម្រេចបាននូវការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ និងការបំផ្លាញក្រុមហាម៉ាស់។ លោកបានពន្យល់ថា ការអនុញ្ញាតឲ្យជំនួយខ្លះចូល គឺដោយសារតែការព្រមានពីសមាជិកព្រឹទ្ធសភាអាមេរិក ដែលថា រូបភាពនៃភាពអត់ឃ្លានកំពុងធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រអ៊ីស្រាអែល និងអាចនាំឲ្យអ៊ីស្រាអែល «បាត់បង់ការគ្រប់គ្រងលើស្ថានការណ៍។ លោកថា នេះជាការចាំបាច់ ដើម្បីសម្រេចបាននូវជ័យជម្នះដែលជាសារមួយផ្ញើទៅកាន់ក្រុមស្តាំនិយមក្នុងរដ្ឋាភិបាលរបស់លោក។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបានប្រកាសពីប្រតិបត្តិការថ្មីឈ្មោះ “Operation Gideon’s Chariotsនៅទូទាំងតំបន់ហ្គាហ្សា ហើយបានព្រមានអ្នកស្រុកនៅទីក្រុង Khan Younis ភាគខាងត្បូង ឲ្យជម្លៀសខ្លួនជាបន្ទាន់ដើម្បីត្រៀម ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក។ ការវាយប្រហារតាមអាកាសពេញមួយយប់ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២០នាក់ ហើយយោធាអ៊ីស្រាអែលអះអាងថា បានវាយប្រហារគោលដៅ ១៦០កន្លែងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
ខណៈដែលរថយន្តជំនួយមួយចំនួនត្រូវបានគេឃើញធ្វើដំណើរចូលហ្គាហ្សានៅថ្ងៃចន្ទ អ៊ីស្រាអែលនៅតែបន្តរារាំងការផ្គត់ផ្គង់សំខាន់ៗភាគច្រើនចូលតំបន់នេះចាប់តាំងពីខែមីនា ដែលនាំឲ្យមានការព្រមានពីទុរ្ភិក្សទ្រង់ទ្រាយធំពីសំណាក់ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ៕