ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញអបអរសាទរ​ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០!

(ព្រះសីហនុ)៖ នៅព្រឹកទី២២.០៥.២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញអបអរសាទរ​ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល​ជាមួយ​កម្មករនិយោជិតជាង៣ម៉ឺននាក់។

ក្នុងនោះសម្តេចធិបតី បានបង្ហាញក្តីរីករាយ ដែលបានវិល​ត្រឡប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសសាជាថ្មីម្តងទៀត និងអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០។

សម្តេចធិបតី បានថ្លែងថា ទោះបីកម្មវិធីជាប់​គ្នា​ជាហូរហែយ៉ាងណាក្តី តែមិនអស់ថាមពលនោះទេ ព្រោះមានការផ្តល់កម្លាំងចិត្តពីបងប្អូនប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី បានថ្លែងថា ព្រោះតែអាកាសធាតុសម្តេចមិនអាចធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ហើយ សម្រេចភ្លាមៗ គឺធ្វើដំណើរតាមរថយន្តទាំងយប់ចុះមកខេត្តព្រះសីហនុ ដើម្បីជួបកម្មករ និយោជិត ដោយមិនឱ្យខកខានការជួប ព្រោះបញ្ហាអាកាសធាតុ។

សម្តេចធិបតី បានថ្លែងថា ទោះបីត្រូវជិះរថយន្ត៥ម៉ោង ក៏សម្តេចត្រូវមកជួបកម្មករដែរ ព្រោះជារឿងរីករាយ។
សម្តេចធិបតី ថ្លែងកោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែលបានសហការជាមួយតំបន់ សេដ្ឋកិច្ចពិសេសក្រុង​ព្រះ​សីហនុ ក្នុងការរៀបចំ ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានចំនួនប្រមាណ ៣ម៉ឺន២ពាន់នាក់។

សម្តេចធិបតី បានថ្លែងថា តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុនេះ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗ​នៅកម្ពុជា, ដោយតំបន់នេះ ត្រូវបានទទួលស្គាល់, គាំទ្រ និង មានការចុះ កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពី​ថ្នាក់​ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋាន​សាង​សង់​ដំបូងនៅឆ្នាំ២០០៨ ជាពិសេសការរួមគ្នាអនុវត្ត គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ។

សម្តេចធិបតី បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី១ មកកាន់កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦, លោក ស៊ី ជីន​ពីង ប្រធានាធិបតីចិន ក៏បានលើកឡើងថា ភាគីចិន នឹងលើកទឹកចិត្តសហគ្រាសចិនល្បីៗ ឱ្យធ្វើកិច្ចសហប្រតិបត្តិការ និង វិនិយោគក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សម្តេចធិបតី បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់ និង ផ្លូវ លើកទី២ ក្នុងឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង សម្ដេចតេជោ ក៏បាន​បញ្ជាក់ថា ភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះ​សីហនុ ជាសក្ខីភាពមួយយ៉ាងច្បាស់នៃការកសាងគម្រោង​ផែនការសហប្រតិបត្តិការ ខ្សែក្រវាត់ និង ផ្លូវ រវាងប្រទេសទាំងពីរ។

សម្តេចធិបតី បានថ្លែងថា កម្ពុជាមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសនេះ ឬប្រទេសនោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោពីគ្រប់ប្រទេស មិនថា ចិន អាមេរិក និងប្រទេសដទៃៗទៀត។
សម្តេចធិបតី បានថ្លែងថា អតីតសមរភូមិរបស់កម្ពុជាពីអតីតកាល បានប្រែក្លាយជាទំបន់សេដ្ឋកិច្ច តំបន់អភិវឌ្ឍ ព្រោះគោលនយោបាយដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិលបាល។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដូចជាផ្លូវថ្នាល់ ផ្លូវដែក ផ្លូវទឹក មកកាន់ខេត្តព្រះសីហនុ ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ។
សម្តេចធិបតី បានបញ្ជាក់ថា នាវាដឹកទំនិញមួយគ្រឿង បានធ្វើដំណើរត្រង់ពីចិនមកផែកម្ពុជា ក្រោយកំពង់ផែបានកែលំអ ខណៈពីនាវានេះចូលចតនៅផែប្រទេសដទៃ។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលធ្វើកិច្ចការជំហានគីង្គក់ក៏បានឲ្យតែទៅមុខ កុំឲ្យតែអត់ទៅមុខ ចង់អ្នកណាថាអ្វីថាទៅ យើងគិតតែពីធ្វើកិច្ចការរបស់យើង៕

Leave a Reply

Your email address will not be published. Required fields are marked *