(ភ្នំពេញ)៖ នៅព្រឹកទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម EK Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម EK Nath Dhakal និងសហការី ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា។
សម្តេចតេជោបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាកាលពីខែមេសាកន្លងទៅ ដែលជាគំនិតផ្តួចផ្តើមដ៏ល្អមួយ នៅចំពោះមុខកាលៈទេសៈដែលសភាពការណ៍ពិភពលោកកំពុងមានភាពច្របូកច្របល់ និងការថមថយចុះនូវតួនាទីរបស់អង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងដែរ។
នៅក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានប្រគល់ជូនសម្តេចតេជោ នូវសញ្ញាសម្គាល់សមាជិកស្ថាបនិក ISC និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្តល់ការគាំទ្រចំពោះការបង្កើត និងការចូលរួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅក្នុងកិច្ចប្រជុំ ISC នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមអគ្គលេខាធិការបានលើកបន្តថា ឯកឧត្តមពិតជាមានកិត្តិយសដែលបានធ្វើជាអគ្គលេខាធិការនៃ ISC និងសម្តែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ ចំពោះការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក។
ឯកឧត្តមអគ្គលេខាធិការ ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខរបស់លោកជំទាវហាក់ ចាន់ហាម៉ូន ស្ថាបិកសហព័ន្ធសន្តិភាពសកល (UPF) និងបានជម្រាបជូនអំពីកិច្ចការ និងទិសដៅការងាររបស់ ISC ក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួន តាមរយៈការអនុវត្តកិច្ចការការទូតសភា និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័ន នានា ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) ជាដើម។
នៅក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានគោរពស្នើសុំ សម្តេចតេជោ បន្តផ្តល់ការគាំទ្រដល់កិច្ចការ ISC។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះការពាំនាំមកជូនសម្តេចនូវ សញ្ញាសម្គាល់សមាជិកស្ថាបនិក ISC ដែលជាកិត្តិយសមួយចំពោះការចូលរួមរបស់សម្តេចកន្លងមក នៅក្នុងបុព្វហេតុកសាងសន្តិភាព។
សម្តេចក៏បានថ្លែងអំណរគុណ និងជាមួយគ្នានេះ ផ្តាំផ្ញើការសួរសុខទុក្ខជូនលោកជំទាវស្ថាបិក និងឯកឧត្តមប្រធាន UPF ផងដែរ។ សម្តេចបានលើកឡើងដោយការកត់សម្គាល់ថា ការផ្តួចផ្តើមបង្កើតយន្តការ ISC ដែលមានគោលបំណងកសាងសន្តិភាពនេះ ពិតជាចំពេលវេលាដ៏ល្អនិងសមស្រប នៅខណៈពេលដែលតួនាទីរបស់អង្គការអន្តរជាតិផ្សេងៗ កំពុងតែថមថយ និងបាត់បង់ឥទ្ធិពល ចំពោះមុខសភាពការណ៍ពិភពលោកដែលកំពុងវិវឌ្ឍដ៏ស្មុគស្មាញនេះ។
សម្តេចតេជោ ក៏បានចែករំលែកអំពីការយល់ឃើញ និងទស្សនៈ អំពីការវិវឌ្ឍនៃសភាពការណ៍អន្តរជាតិនានា នៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាស៊ី និងគោលនយោបាយរបស់រដ្ឋការថ្មីអាមេរិក។
នៅក្នុងន័យនេះ សម្តេចបានគូសបញ្ជាក់អំពីតួនាទីរបស់សភានៅក្នុងការរួមចំណែកដោះស្រាយបញ្ហានានានៅក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ហើយការបង្កើតយន្តការសភា ក៏នឹងជួយបំពេញបន្ថែមចន្លោះប្រហោងទៅលើយន្តការនានា។
សម្តេចបានជម្រាបបន្ថែមអំពីគំនិតផ្តួចផ្តើមរបស់សម្តេច ឱ្យមានការរៀបចំវេទិកាព្រឹទ្ធសភាក្នុងចំណោមប្រទេសអាស៊ានមួយទៀត នៅក្នុងឱកាសទស្សនកិច្ចរបស់សម្តេចនៅប្រទេសឥណ្ឌូណេស៊ីកន្លងទៅនេះ។
នៅក្នុងស្មារតីនេះ សម្តេចតេជោបានលើកឡើងនូវការគាំទ្រចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរបស់ ISC ជាមួយបណ្តាស្ថាប័នផ្សេងៗ រួមទាំងអាស៊ាន។ បន្ថែមពីលើនេះ សម្តេចក៏បានលើកឡើងជាលក្ខណៈអនុសាសន៍ឱ្យ ISC ពង្រឹងតួនាទីខ្លួន តាមរយៈការលើកកម្ពស់តួនាទីរបស់អគ្គលេខាធិការ និងលេខាធិការដ្ឋាន ISC ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃដំណើរការ និងប្រតិបត្តិការរបស់ ISC ដូចដែលសម្តេចធ្លាប់បានលើកឡើង នៅក្នុងឱកាសដែល សម្តេច ធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន កាលពីពេលកន្លងទៅថ្មីៗនេះ។
ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម EK Nath Dhakal និងសហការី ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕