(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ពេលនេះសមត្ថកិច្ចកម្ពុជា កំពុងទំនាក់ទំនាងទៅអាជ្ញាធរថៃ ដើម្បីតាមចាប់ខ្លួនឈ្មោះ ជូ ឈីន ភេទស្រី កើតឆ្នាំ១៩៨៣ នៅខេត្តបាត់ដំបង ។
ដែលជាមុខសញ្ញាចាស់ ត្រូវបាន តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់ តាមរយៈសកម្មភាព ឃុបឃិតជាមួយក្រុមឧទ្ទាមជ្រុលនិយម ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាល និងបានរត់ភៀសខ្លួន ទៅប្រទេសថៃ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។
ក្នុងអំឡុងពេលសម្ងំលាក់ខ្លួននៅប្រទេសថៃ ស្ត្រីរូបនេះបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនដូចជាទំព័រឈ្មោះ ស្ត្រី Overseas, គណនីឈ្មោះ ស្ទឹង សម្ងាត់, Chhin Chou, និងគណនីឈ្មោះ ម៉ៅ បង ធ្វើជាមធ្យោបាយដើម្បីបម្រើ ឧបាយកលក្បត់ជាតិ នៃក្រុមឧទ្ទាមជ្រុលនិយម ដោយបន្តសកម្មភាពបង្ហោះព័ត៌មានញុះញ៉ង់ បំភ្លៃការពិត ធ្វើឱ្យចលាចល បង្ករអសន្តិសុខក្នុងសង្គម និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
-នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៣.០៥.២០២៥។
ក្នុងសេចក្ដីប្រកាសនោះ អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា មានការបង្ហោះផ្សព្វផ្សាយ ព័ត៌មានតាមរយៈវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពាក់ព័ន្ធដល់កិច្ចសម្ភាសរបស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលមានចរិតញុះញង់ បំភ្លៃការពិត ធ្វើឱ្យមានការ ភាន់ច្រឡំអំពីលទ្ធផល នៃការចរចារលើការអនុគ្រោះពន្ធជុំទី១ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយ សហរដ្ឋអាមេរិក។
ផ្អែកតាមការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងហ្មត់ចត់ជាបន្តបន្ទាប់របស់សមត្ថកិច្ច អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិអះអាងថា៖ សារសំឡេងវីដេអូ ក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពុំមែនជាសារសំឡេង របស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នោះទេ។
តាមពិតទៅសារសំឡេងនោះ គឺជាការប្រើ បច្ចេកទេសកាត់រូបភាពវីដេអូរបស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
ដោយបញ្ចូល សំឡេងស្ត្រីម្នាក់ធ្វើអត្ថាធិប្បាយក្នុងចេតនាធ្វើវិទ្ធង្សនា បំពុល បំផ្លាញសង្គម ញុះញ៉ង់ លាបពណ៌ និង បំភ្លៃការពិត ក្នុងគោលបំណងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំចំពោះរាជរដ្ឋាភិបាលក្នុងកិច្ចការ ចរចារលើការអនុគ្រោះពន្ធជុំទី១ ជាមួយភាគីអាមេរិក។
បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងកសាងសំណុំរឿងតាមនីតិវិធី និង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃ ធ្វើការស្វែងរកចាប់ខ្លួន និងបញ្ជូនស្ត្រីឈ្មោះ ជូ ឈីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕