Update៖ វៀតណាម បិទកម្មវិធីTelegram ក្រោយបដិសេធក្នុងការប្រឆាំងអំពើឧក្រិដ្ឋកម្ម!

ក្រសួងបច្ចេកវិទ្យារបស់ប្រទេសវៀតណាម បានណែនាំអ្នកផ្តល់សេវាទូរគមនាគមន៍ឱ្យបិទកម្មវិធីផ្ញើសារ Telegram ក្រោយមិនសហការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ដោយអ្នកប្រើប្រាស់។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ឯកសារចុះថ្ងៃទី២១ ឧសភា និងចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យាវៀតណាម បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់ Telegram ហើយរាយការណ៍មកក្រសួងត្រឹមថ្ងៃទី២ ខែមិថុនា។ ឯកសារនេះបានបង្ហាញថា ក្រសួងកំពុងធ្វើសកម្មភាពក្នុងនាមនាយកដ្ឋានសន្តិសុខអ៊ីនធឺណិតរបស់ប្រទេស បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨% នៃបណ្តាញ Telegram និងក្រុមចំនួន ៩,៦០០ នៅក្នុងប្រទេសបានបំពានច្បាប់ ដោយលើកឡើងពីការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង «ករណីដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើភេរវកម្ម»ក្នុងចំណោមសកម្មភាពខុសច្បាប់ដែលធ្វើឡើងតាមរយៈកម្មវិធីនេះ។
មន្ត្រីក្រសួងបច្ចេកវិទ្យាម្នាក់បានបញ្ជាក់ប្រាប់ Reuters អំពីភាពត្រឹមត្រូវនៃឯកសារ ដោយកត់សម្គាល់ថា វិធានការនេះកើតឡើង បន្ទាប់ពីការខកខានរបស់ Telegram ក្នុងការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល នៅពេលដែលត្រូវបានសួរ ជាផ្នែកមួយនៃការស៊ើបអង្កេតអំពើឧក្រិដ្ឋកម្ម។
ជុំវិញព័ត៌មាននេះ Telegram និងក្រសួងបច្ចេកវិទ្យាវៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters ទេ។ ខណៈ Telegram ដែលប្រកួតប្រជែងជាសកលជាមួយកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដូចជា WhatsApp និង WeChat នោះ គឺនៅតែអាចប្រើបាននៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃសុក្រនេះ។
សូមជម្រាបថា នៅប្រទេសកម្ពុជាមានបណ្តាញទំនាក់ទំនង CoolApp បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងប្រជាពលរដ្ឋខ្មែរ ដោយបច្ចុប្បន្នមានអ្នកប្រើប្រាស់កើនរហូតដល់៥០ម៉ឺននាក់ហើយ។ បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp អាចប្រើប្រាស់ជុំវិញពិភពលោក ជាពិសេសបំផុតនោះគឺអាចប្រើប្រាស់នៅប្រទេសចិន ដោយសេរី មិនត្រូវការកម្មវិធីជំនួយ VPN នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *