(ភ្នំពេញ)៖ លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
បានសម្រេចឃុំខ្លួន ប៉ូលិសស្រុកបវេល ខេត្តបាត់ដំបង ចំនួន២នាក់
ដាក់ពន្ធនាគារជាបណ្ដោះអាសន្នពាក់ព័ន្ធករណី លួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរនឹងលុយរាប់ម៉ឺនដុល្លារ..!។
ជនត្រូវចោទទាំង២នាក់ទី១៖ លោក វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង(ពាក់ស័ក្តិ៤កន្លះ)
២៖ លោក តាំង សំណាង (ហៅសុខ ច័ន្ទសំណាង) អាយុ៤៣ឆ្នាំ ជាមន្រ្តីនគរបាល។
លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់
អ្នកកាសែតថា ជនទាំង២នាក់ខាងលើ ត្រូវបានចោទប្រកាន់ពីបទ«ប៉ុនប៉ងសូកប៉ាន់ និងបទ សម្អាតប្រាក់ តាមមាត្រា៣២ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ មាត្រា២៧ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។
គួរំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួនមន្រ្តីនគរបាល២នាក់ រួចបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរនឹងលុយរាប់ម៉ឺនដុល្លារ៕