ក្រុមហាម៉ាស់ បានប្រកាសកាលពីថ្ងៃពុធ(ទី២៨ខែឧសភា)ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយបេសកជនមជ្ឈិមបូព៌ារបស់អាមេរិក Steve Witkoff លើក្របខ័ណ្ឌសម្រាប់បទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពពីសារព័ត៌មានAljazeera។
ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីក្របខ័ណ្ឌទូទៅមួយជាមួយ Witkoff ដែលធានាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សានិងការបញ្ចូលជំនួយមនុស្សធម៌ដោយមិនមានការរារាំង។
កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវការបង្កើតគណៈកម្មាធិការជំនាញដើម្បីគ្រប់គ្រងកិច្ចការរបស់ Gaza នៅពេលដែលបទឈប់បាញ់ត្រូវបានប្រកាស។
ក្រុមហាម៉ាស់បាននិយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងដែលនៅរស់ចំនួន 10 នាក់ទៀតជាថ្នូរនឹងចំនួនអ្នកទោសប៉ាឡេស្ទីនដែលបានព្រមព្រៀងគ្នាទៅវិញទៅមកក្រោមការធានាពីអ្នកសម្របសម្រួល។
លោក Steve Witkoff បាននិយាយថា ប្រធានាធិបតីអាមេរិក Donald Trump នឹងពិនិត្យមើលសំណើរនេះ បន្ទាប់ពីវាត្រូវបានប្រគល់ជូន។
យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយ ភ្លាមៗពីអ្នកសម្រុះសម្រួលអេហ្ស៊ីប ឬកាតាលើសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសទេ។
ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា មន្ត្រីអ៊ីស្រាអែលម្នាក់បានច្រានចោលការប្រកាសដោយពណ៌នាសំណើនេះថាមិនអាចទទួលយកបានចំពោះអ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕