ក្នុងជំនួបជាមួយសម្ដេចធិបតី អង្គការពាណិជ្ជកម្មប្រទេសជប៉ុនប្រកាសបន្តជំរុញការវិនិយោគនៅកម្ពុជា!

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ISHIGURO Norihiko ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization-JETRO) និងសហការី ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិបានគោរពថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិ បានបង្ហាញនូវអារម្មណ៍រីករាយ ដែលបានចូលរួមសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកាធុរកិច្ច កម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ នាថ្ងៃនេះ ដែលទទួលបានការចូលរួមយ៉ាងច្រើនកុះករពីតំណាងក្រុមហ៊ុន-សហគ្រាសជប៉ុន និងកម្ពុជា ។ លោកនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីគម្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការ JETRO ដែលនឹងនាំវិនិយោគិនជប៉ុនជាច្រើនរូប មកធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា នាពេលខាងមុខ ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ JETRO ដែលបានចូលរួមរៀបចំវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន។ សម្ដេចបវរធិបតី ចាត់ទុកវេទិកានេះជាយន្តការដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងធុរជនកម្ពុជា-ជប៉ុន ក៏ដូចជាការផ្សព្វផ្សាយនូវឱកាសវិនិយោគ និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់បន្ថែមអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការបន្តយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងវិស័យឡូជីស្ទីក ដូចជា បណ្តាញផ្លូវថ្នល់ អាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែទឹកជ្រៅ ជាដើម។ សម្ដេចបវរធិបតី ក៏បានលើកឡើងអំពីការជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែកសម្រាប់វិនិយោគិនជប៉ុន ដែលនឹងជាគំរូថ្មីមួយនៃការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលមានឯកទេសកម្ម ទៅតាមប្រភេទឧស្សាហកម្ម ឬ ប្រទេសជាក់លាក់។សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *