Update៖ បាក់រលំស្ពានចំនួន២កន្លែងក្នុងប្រទេសរុស្ស៊ីជាប់ព្រំដែនជាមួយអ៊ុយក្រែន!

នៅថ្ងៃអាទិត្យ(ទី១ខែមិថុនា) អាជ្ញាធររុស្ស៊ីបានឱ្យដឹងថា មានហេតុការណ៍បាក់រលំស្ពានចំនួន២កន្លែងនៅតំបន់២ផ្សេងគ្នា ជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។

ប្រភពពីសារព័ត៌មាន Reuters។

ហេតុការណ៍បាក់រលំស្ពានទី១ បានកើតឡើងនៅតំបន់ Bryansk។ វាគឺជាស្ពានផ្លូវថ្នល់ហាយវ៉េ ហើយបានបាក់ស្រុតទៅលើផ្លូវដែក ដែលស្ថិតនៅខាងក្រោម ជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បុកជាមួយគំនរដួលរលំនៃស្ពាននោះ រួចរអិលធ្លាក់ចេញពីផ្លូវ។ ជាលទ្ធផលមនុស្សយ៉ាងហោច៧នាក់បានបាត់បង់ជីវិត ខណៈ៦៩នាក់ផ្សេងទៀត បានរងរបួស។ ដំបូងឡើយ អាជ្ញាធរផ្លូវដែករុស្ស៊ីបានបង្ហោះសារនៅបណ្តាញ Telegram ថា ករណីបាក់ស្ពានខាងលើ គឺបណ្តាលមកពីអ្វីដែលហៅថាការជ្រៀតជ្រែកខុសច្បាប់ ក្នុងប្រតិបត្តិការដឹកជញ្ជូន ប៉ុន្តែក្រោយមកសារនោះ ត្រូវបានលុបចោលវិញ។
ស្រាប់តែប៉ុន្មានម៉ោងក្រោយមក ក៏មានហេតុការណ៍បាក់រលំស្ពានមួយកន្លែងទៀត ដែលជាស្ពានផ្លូវដែក នៅតំបន់ Kursk ដែលស្ថិតជាប់ព្រំដែនអ៊ុយក្រែនដូចគ្នា។ ស្ពាននោះបានបាក់ស្រុត ពេលរថភ្លើងដឹកទំនិញ១គ្រឿង កំពុងបើកឆ្លងកាត់។ ផ្នែកនៃរថភ្លើងបានធ្លាក់ទៅលើផ្លូវថ្នល់ ដែលនៅខាងក្រោមស្ពាន៕

Leave a Reply

Your email address will not be published. Required fields are marked *