(ព្រៃវែង)៖ ពលរដ្ឋបានលើកឡើងដូចៗគ្នាថា ពួកខ្លួនពិតជាបានចាញ់បោក ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ឹម វណ្ណឆេង អស់សរុបចំនួន៣.០០០ដុល្លារប្រាកដមែន!!។
ពោលគឺ១គ្រួសារអស់១.០០០ដុល្លារនិង៣គ្រួសារទៀត អស់២.០០០ដុល្លារ ជាថ្នូរនឹងរត់ការ ក្នុងទំនាស់ដីធ្លីនៅស្រុកពារាំង និងស្រុកពោធិ៍រៀង ខេត្តព្រៃវែង..!!។
-ករណីនេះពុំមានការបំភ្លឺពីឯកឧត្តម អ៊ឹម វណ្ណឆេងនោះឡើយ!។
សូមជម្រាបថាៈជនរងគ្រោះទី១៖ ឈ្មោះ សេង ស៊ីវឡាង ភេទស្រីអាយុ៦៣ឆ្នាំ នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង-មានទំនាស់ដីធ្លីរ៉ាំរ៉ៃ ទំហំ៦ហិកតា ក្នុងភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង(អស់១.០០០ដុល្លារ)។
ខណៈពលរដ្ឋចំនួន៣គ្រួសារទៀត-មានទំនាស់ដីធ្លីរ៉ាំរ៉ៃ ជាប់ផ្លូវជាតិលេខ៨ ត្រង់ចំណុចខាងលិចស្ពានស្នាយពល ក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង(អស់២.០០០ដុល្លារ)។
ជុំវិញរឿងនេះ លោកស្រី សេង ស៊ីវឡាងបានអះអាងប្រាប់”ដើមរាំង”នៅថ្ងៃទី០៥.០៦.២០២៥ថា ដោយសារអាជ្ញាធរស្រុកពោធិ៍រៀង.មិនរកដំណោះស្រាយឱ្យ ទើបរូបគាត់ត្រូវចាញ់បោក ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ឹម វណ្ណឆេង អស់ចំនួន១.០០០ដុល្លារ។
ខណៈពេលប្រគល់និងទទួលលុយនោះ គឺឯកឧត្តម អ៊ឹម វណ្ណឆេង បានធានារត់ការ ដោះស្រាយបញ្ចប់រឿង ក្នុងពេលដ៏ខ្លី ព្រោះឯកឧត្តម នឹងកាន់ឯកសារជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីឱ្យជួយអន្តរាគមន៍។
ចុងក្រោយ”ប្រាក់ក៏បង់ថង់ក៏ដាច់.ដីក៏គ្មានដំណោះស្រាយ.លុយក៏អស់ទៀត”បណ្ដាលឱ្យខ្លួន ឈឺចាប់កាន់តែខ្លាំងថែមមួយកម្រិតទៀត និងស្នើសុំឱ្យ”ដើមរាំង”ជួយផ្សព្វផ្សាយ ជាដំណឹងទៅកាន់ថ្នាក់ដឹកនាំ ដើម្បីឱ្យជួយរកយុត្តិធម៌ដល់លោកស្រីដោយក្ដីអនុគ្រោះ!!។
បើតាមលោកស្រី សេង ស៊ីវឡាង ពុំមែនមានតែលោកស្រីប៉ុណ្ណោះទេ ដែលចាញ់បោកឯកឧត្តម អ៊ឹម វណ្ណឆេង។
ជាមួយគ្នានោះ បងស្រីជីដូនមួយ រួមនិងពលរដ្ឋ២គ្រួសារទៀត ក៏បានចាញ់បោកឯកឧត្តម អ៊ឹម វណ្ណឆេង ផងដែរ ដោយខលមិនលើក ទាក់ទងលែងបានតែម្ដង..!។
លោកស្រី សេង ស៊ីវឡាង បញ្ជាក់ថា ខ្លួនបានប្រគល់លុយឱ្យឯកឧត្តម អ៊ឹម វណ្ណឆេង កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ ចំនួន១.០០០ដុល្លារតាមរយៈ(វីងវេរលុយ)។
ដោយឡែក បងស្រីជីដូនមួយរបស់លោកស្រី រួមនិងពលរដ្ឋ២គ្រួសារទៀត ដែលមានទំនាស់ដី ត្រង់ចំណុចខាងលិចស្ពានស្នាយពល ក្នុងឃុំរាប ស្រុកពារាំង ក៏បានចាញ់បោកឯកឧត្តម អ៊ឹម វណ្ណឆេង អស់ចំនួន២.០០០ដុល្លារផងដែរ!។
លោកស្រី សេង ស៊ីវឡាង បានរៀបរាប់ទាំងទឹកភ្នែកថា មកពីអាជ្ញាធរស្រុកពោធិ៍រៀង.និងអាជ្ញាធរខេត្តព្រៃវែង គ្មានឆន្ទៈ ក្នុងការដោះស្រាយទំនាស់ដីរបស់លោកស្រី ជាហេតុនាំឱ្យលោកស្រីក៏ដូចជាពលរដ្ឋផ្សេងទៀត ត្រូវចាញ់បោកឯកឧត្តម អ៊ឹម វណ្ណឆេង។
បើតាមលោកស្រី សេង ស៊ីវឡាង ទំនាស់ដីធ្លីរ៉ាំរ៉ៃរបស់លោកស្រី នៅភូមិព្រែកតាសរ ឃុំព្រែកតាសរ គឺអាជ្ញាធរផ្អឹបទុកចោល ធ្វើបាបលោកស្រីតែម្ដង!!។
បណ្ដាលឱ្យទំនាស់មួយនេះ ក្លាយជាជម្លោះរ៉ាំរ៉ៃ បង្កភាពឈឺចាប់យូរឆ្នាំមកហើយ និងរកទីបញ្ចប់គ្មាន.!!។
ខណៈលោកស្រី សេង ស៊ីវឡាង និងភាគីទំនាស់ម្ខាងទៀត បានប្ដឹងគ្នាទៅវិញទៅមក នៅតុលាការខេត្តព្រៃវែង.ដោយមានទាំងសំណុំរឿងព្រហ្មទណ្ឌ.រឿងរដ្ឋប្បវេណី.និងប្ដឹងដីការក្សាការពារដីទៀតផង។
លុះដល់ ឆ្នាំ២០២៣ តុលាការខេត្តព្រៃវែង.បានបង្វែរសំណុំរឿងទំនាស់មួយនេះ មកឱ្យរដ្ឋបាលស្រុកពោធិ៍រៀងនិងគណៈកម្មការខេត្តព្រៃវែង ដើម្បីធ្វើការដោះស្រាយ..!។
ប៉ុន្តែជាអកុសល អាជ្ញាធរស្រុកពោធិ៍រៀង.មិនដោះស្រាយឡើយ ហើយនៅពេលលោកស្រី ទៅសួរនាំម្ដងៗ។
-រដ្ឋបាលស្រុកឆ្លើយថា ចាំស៊ើបអង្កេតសិនៗ.!។
-រីឯមន្ត្រីសាលាខេត្តព្រៃវែង ឆ្លើយថា ឯកសារនៅស្រុក.ទាល់តែស្រុកបញ្ជូនមក ទើបមានមូលដ្ឋានដោះស្រាយ.!។
និយាយជារួម ស្រុកនិងខេត្ត ឆ្លើយបណ្ដាក់គ្នាដូចខ្យង.គ្មានឆន្ទៈដោះស្រាយទំនាស់ទាល់តែសោះ.!!។
លោកស្រី សេង ស៊ីវឡាង បន្តទៀតថា ព្រោះតែបែបនេះហើយ ទើបលោកស្រី វល់គំនិត.និងផុងខ្លួនចាញ់បោកឯកឧត្តម អ៊ឹម វណ្ណឆេង អស់១.០០០ដុល្លារ។
ពោលគឺ ខ្លួនកំពុងសោកសៅអស់សង្ឃឹមដោយសារអាជ្ញាធរស្រុកផងនោះ!
ស្រាប់តែឯកឧត្តម អ៊ឹម វណ្ណឆេង អះអាងថា ឯកឧត្តម នៅជាមួយសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់! ដោយធានាកាន់ឯកសារជូនសម្ដេច ដើម្បីជួយអន្តរាគមន៍ ដោះស្រាយបញ្ចប់ជម្លោះ ជាថ្នូរនឹងលុយ១.០០០ដុល្លារ!។
គ្រាន់តែឮដូច្នេះ លោកស្រីជឿទុកចិត្តទាំងស្រុង និងបានប្រគល់លុយឱ្យឯកឧត្តម អ៊ឹម វណ្ណឆេង តាមការព្រមព្រៀងដែលបាននិយាយគ្នា..!។
លុះបានលុយដល់ដៃហើយ នៅតែគ្មានដំណោះស្រាយដដែល! ក្នុងនោះពេលខ្លួនតាមសួរនាំ ស្រាប់តែឯកឧត្តម អ៊ឹម វណ្ណឆេង ឆ្លើយដោះសារ និងលើកពេលរហូតពី១ខែទៅ១ខែ ខណៈលុយមិនព្រមសងវិញឡើយ…!។
-ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅព្រឹកទី០៥.០៦.២០២៥”ដើមរាំង”បានព្យាយាមសុំការបំភ្លឺពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ឹម វណ្ណឆេង អត្តលេខ.០០៤០៨៦ តាមរយៈលេខ012838833 ជាច្រើនដង ប៉ុន្តែទូរស័ព្ទរបស់ឯកឧត្តម ខលមិនចូលសោះ.!។
រីឯលោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង បានថ្លែងយ៉ាងខ្លីថាលោករវល់ប្រជុំ រួចក៏ចុចបិទទូរស័ព្ទ.!។
ក្នុងរឿងនេះ ពលរដ្ឋរងគ្រោះសុំស្នើយ៉ាងទទូចដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ.ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ.ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា.មេត្តាជួយអន្តរាគមន៍ មកអាជ្ញាធរស្រុកពោធិ៍រៀង ឱ្យដោះស្រាយទំនាស់ដីខាងលើ ដោយក្ដីអនុគ្រោះ..!!។
សំខាន់បំផុតនោះ ពួកគាត់សុំឱ្យចាត់វិធានការវះកាត់លើ ឯកឧត្តម អ៊ឹម វណ្ណឆេង ដើម្បីជៀសវាងកុំឱ្យពលរដ្ឋរងគ្រោះដោសារ ឯកឧត្តមរូបនេះ តទៅទៀត និងសុំប្រគល់លុយមកឱ្យពួកខ្លួនវិញ៕