ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា រូបលោកនឹងសងសឹកអ៊ុយក្រែន ។
ចំពោះការប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី កាលពីពេលថ្មីៗនេះ។
ដែលបានបំផ្លាញ និងបង្កការខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែករាប់សិបគ្រឿង។
ប្រភពពីសារព័ត៌មាន Reuters។
អ៊ុយក្រែន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានបើកប្រតិបត្តិការវាយប្រហារដោយប្រើដ្រូន លើមូលដ្ឋានទ័ពអាកាសរុស្ស៉ីចំនួន៤ ។
ដោយបានបំផ្លាញ និងបង្កការខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែករុស្ស៊ី ជាង ៤១គ្រឿង ហើយទំហំខូចខាតនេះត្រូវបានអ៊ុយក្រែនវាយតម្លៃថាមានទំហំទឹកប្រាក់ ៧ពាន់លានដុល្លារ។
ក្រោយការវាយប្រហារនេះ អ៊ុយក្រែនក៏បានវាយប្រហារបំផ្ទុះបង្កការខូចខាតដល់ស្ពានមួយដែលតភ្ជាប់ រុស្ស៊ីទៅកាន់តំបន់គ្រីមៀផងដែរ។ លោក ពូទីន វិញកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ដោយសំអាងលើការវាយប្រហាររបស់អ៊ុយក្រែន បាននិយាយថាលោកផ្ទាល់មិនគិតនោះទេថាមេដឹកនាំអ៊ុយក្រែន ចង់បានសន្តិភាព។
ភ្លាមៗក្រោយលោក ពូទីន បានបើកកិច្ចពិភាក្សាជាមួយក្រុមរដ្ឋមន្ត្រីរបស់លោកក្នុងទីក្រុងមូស្គូ លោក ត្រាំ បានអះអាងថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន រយៈពេល ១ម៉ោង ១៥នាទី ហើយថាអ្នកទាំង២បានជជែកគ្នាពីការវាយប្រហាររបស់អ៊ុយក្រែន និងបញ្ហាអ៊ីរ៉ង់។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ថាយើងបានពិភាក្សាគ្នាពីការវាយប្រហារលើ មូលដ្ឋានយន្ដហោះរបស់រុស្ស៊ី និងការវាយប្រហារជាច្រើនទៀតដែលបានធ្វើឡើងដោយភាគីសង្រ្គាមទាំង២៕