Update៖ ប្រធានាធិបតីបារាំង ជំរុញឲ្យមានបទប្បញ្ញត្តិហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំមិនឲ្យប្រើប្រាស់បណ្ដាញសង្គម!

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា លោកនឹងជំរុញឲ្យមានបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដើម្បីហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំពីការប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីមានករណីចាក់សម្លាប់យ៉ាងសាហាវមួយនៅឯសាលារៀនមួយកន្លែងនៅភាគខាងកើតប្រទេសបារាំង។

ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥។

ការអំពាវនាវនេះ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីហេតុការណ៍ចាក់សម្លាប់ដ៏សាហាវនៅសាលាមធ្យមសិក្សាមួយកាលពីថ្ងៃអង្គារ។ ប៉ូលិសបានសាកសួរសិស្សអាយុ ១៤ឆ្នាំម្នាក់ ជុំវិញការចាក់សម្លាប់ជំនួយការសាលាអាយុ ៣១ឆ្នាំម្នាក់ អំឡុងពេលមានការឆែកឆេររកអាវុធ។

នាយករដ្ឋមន្ត្រី លោក Francois Bayrou បានថ្លែងថា ឧបទ្ទវហេតុនេះមិនមែនជាករណីដាច់ដោយឡែកនោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ France 2 កាលពីល្ងាចថ្ងៃអង្គារ លោក Macron បានចាត់ទុកបណ្ដាញសង្គមថាជាកត្តាមួយដែលត្រូវស្ដីបន្ទោសចំពោះអំពើហិង្សាក្នុងចំណោមយុវជន។ លោកបានថ្លែងថាប្រសិនបើវាមិនដំណើរការ (ក្នុងកម្រិត EU) ទេ យើងនឹងចាប់ផ្តើមធ្វើវានៅប្រទេសបារាំង។
ក្រោយមក លោកបានសរសេរលើ X ថា បទប្បញ្ញត្តិនេះត្រូវបានគាំទ្រដោយអ្នកជំនាញ ហើយថាបណ្តាញសង្គមមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់អាយុ។

ការអត្ថាធិប្បាយរបស់លោក Macron ធ្វើឡើងចំពេលមានរលកនៃវិធានការស្រដៀងគ្នានៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលមានបំណងទប់ស្កាត់ការប្រើប្រាស់បណ្ដាញសង្គមក្នុងចំណោមកុមារ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version