ថ្ងៃទី១៥ ខែមិថុនា គឺជាខួបលើកទី៦៣ឆ្នាំដែលកម្ពុជាឈ្នះក្តីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ!

(ភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៥គឺ ជាខួបលើកទី៦៣ឆ្នាំហើយដែលកម្ពុជាឈ្នះក្ដីលើភាគីថៃពាក់ព័ន្ធ សំណុំរឿងប្រាសាទព្រះវិហារដែលអំណាចសាលដីកា
របស់តុលាការយុត្តិធម៌ អន្តរជាតិ បានកំណត់ឱ្យភាគីថៃត្រូវតែដកយោធានិងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់ខ្លួនចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហារ(១៥ មិថុនា ឆ្នាំ១៩៦២)។
សេចក្ដី សម្រេចរបស់តុលាការយុត្តិធម៌ អន្តរជាតិ (ICJ) កាល ពីឆ្នាំ១៩៦២ បានទុកពេល១០ ឆ្នាំឲ្យភាគីថៃតវ៉ាបើមិន សុខចិត្តនឹងសេចក្ដីសម្រេចនេះទេ។ ចាប់តាំងពីអំណាចសាលដីកានេះបានចូលជាស្ថាពរគឺភាគីថៃពុំបានតវ៉ាអ្វីឡើយ។ទាក់ទិនរឿងនេះក្នុងកិច្ចប្រជុំសភាថៃកាលពីឆ្នាំ២០០៨អតីតនាយករដ្ឋមន្ត្រីថៃ លោកសាម៉ាក់ស៊ុនដារ៉ាវេច (Samak Sundaravej) ថ្លែងថាក្នុងចន្លោះនៃអំណាចសាលដីកានេះគឺពុំមានអ្នកនយោបាយថៃតវ៉ាប្រឆាំងសេចក្ដី សម្រេចនេះម្ដងណាឡើយ។ រីឯទង់ជាតិរបស់កម្ពុជាវិញបានដាក់លើប្រាសាទព្រះវិហារនេះជាយូរឆ្នាំមកហើយដែលពុំមានការតវ៉ាអ្វីសោះ។
ផ្អែកតាមយុត្ថាធិការនៃអំណាចសាលដីកា នេះគឺក្នុងចន្លោះនៃការមិនតវ៉ាបានន័យថាភាគីដែលទទួលបានសិទ្ធិគ្រប់គ្រងគឺជាម្ចាស់ដោយស្របច្បាប់។ ក្នុង រយៈពេល៤០ឆ្នាំក្រោយទើបថៃបង្កើតតំបន់ ៤.៦ គីឡូម៉ែត្រក្រឡាជាឯកតោភាគីដោយចាត់ទុកថាដីនៅតំបន់ក្បែរប្រាសាទព្រះវិហារស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ថៃ។ ជម្លោះព្រំដែនក្បែរតំបន់ប្រាសាទព្រះវិហារនេះក៏បានកើតឡើងម្ដងទៀតកាល
ពី ខែកក្កដា ឆ្នាំ ២០០៨ ក្រោយពេលទាហានថៃមួយចំនួនបានចូលឈ្លានពានទឹកដីខ្មែរ។
ជម្លោះប្រាសាទព្រះវិហារ បានកើតឡើងជាថ្មីបន្ទាប់ពីអង្គការយូណេស្កូ (NESCO) បានដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
កងទ័ពកម្ពុជានិងថៃបានផ្ទុះអាវុធជាច្រើនលើកបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសទាំងសង្ខាង។ ក្រោយពីមានជម្លោះយោធាដ៏តានតឹងកម្ពុជា សម្រេចបញ្ជូនសំណុំរឿងប្រាសាទព្រះវិហារទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យបកស្រាយសាលដីកាកាលឆ្នាំ១៩៦២ ឡើងវិញក្នុងពេលដែលកម្ពុជាទទួលបានជ័យជំនះម្ដងរួចមកហើយកាលពីជាង៥០ឆ្នាំ មុនជុំវិញរឿងក្ដីប្រាសាទព្រះវិហារលើភាគីថៃ។
តុលាការយុត្តិធម៌អន្តរជាតិនេះក៏បានប្រកាសសាលដីកាស្ដីពីប្រាសាទព្រះវិហារកាលពីថ្ងៃ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ភ្លាមដែរក្រោយពេលតុលាការនេះ បានបើកសវនាការស្ដាប់ការបកស្រាយដោយផ្ទាល់មាត់ពីតំណាងរដ្ឋាភិបាលកម្ពុជានិងថៃកាល ពី ខែមេសាឆ្នាំ ២០១៣។ ដោយអំណាចសាលដីកានេះគឺតុលាការបាន បង្គាប់ឲ្យថៃត្រូវដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនសំណុំរឿងពាក់ព័ន្ធវិវាទព្រំដែនជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិជាថ្មីទៀត។ វិវាទព្រំដែនដែលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិពេលនេះ រួមមានប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី។
បើរំលឹកប្រវត្តិទាក់ទងជម្លោះនៅប្រាសាទព្រះវិហារវិញ គឺចាប់ផ្ដើមផ្ទុះខ្លាំងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាទើបទទួលបានឯករាជ្យពីបារាំង ដោយកាលនោះភាគីថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចនរោត្តមសីហនុ បានសម្រេចព្រះទ័យដាក់ពាក្យបណ្ដឹងប្រឆាំងនឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ក្រុងឡេអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារ មកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទព្រះវិហារ។
ពាក្យបណ្ដឹងនោះមានភ្ជាប់នូវឯកសារ«ឧបសម្ព័ន្ធ»ជាច្រើនហើយឧបសម័ន្ធដែលសំខាន់ជាងគេបំផុតនោះគឺ «ផែនទីដែលរៀបចំឡើងដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម» ដែលហៅថា“ផែនទីឧបសម្ព័ន្ធ១”(Map Annex I)។ នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដីនោះ កម្ពុជា និងថៃ បានលើកបង្ហាញទឡ្ហីកររៀងៗខ្លួនដើម្បីទាមទារជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ។ សម្រាប់កម្ពុជាបានលើកយកផែនទីដងរែក(ផែនទីឧបសម្ព័ន្ធទី១)ដែលជាផែនទីកើតចេញពីសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ មកធ្វើជាមូលដ្ឋានច្បាប់។ តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះ បង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។
ឆ្លងកាត់ការស្រាវជ្រាវអង្គចៅក្រមរបស់តុលាកានេះ បានពិនិត្យឃើញថាផែនទីឧបសម្ព័ន្ធទី១ គឺស្ថិតក្នុងចំណោមផែនទីទាំង១១ផ្ទាំង ដែលត្រូវបានបោះពុម្ព និងផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ។ផែនទីនេះត្រូវបានចែកចាយទៅឱ្យរដ្ឋាភិបាលបារាំងផង រដ្ឋាភិបាលសៀមផង និងទៅឱ្យក្រុមអ្នកជំនាញខាងភូមិសាស្រ្តផង ទាំងអ្នកភូមិសាស្រ្តបារាំង អ្នកភូមិសាស្ត្រសៀម និងអ្នកភូមិសាស្ត្រធំៗនៅក្នុងតំបន់។លើសពីនេះទៅទៀត ផែនទីឧបសម្ព័ន្ធទី១ ក៏ត្រូវបានរដ្ឋាភិបាលថៃចែកចាយទៅតម្កល់ទុកនៅឯស្ថានតំណាងរបស់ថៃប្រចាំប្រទេសធំៗមួយចំនួន រួមមានអង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។

ឆ្លងកាត់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយបែបនេះ ថៃមិនអាចអះអាងថាខ្លួន មិនបានដឹងមិនបានទទួលស្គាល់ផែនទីឧបសម្ព័ន្ធទី១ បានទេ។ ភស្តុតាងដ៏ជាក់ច្បាស់មួយទៀត គឺចាប់ពីខែមីនា ឆ្នាំ១៩០៩ គណៈកម្មការចម្រុះបារាំង-សៀម បានជួបប្រជុំគ្នាជាច្រើនខែ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះមានគោលដៅរៀបចំចងក្រងផែនទីទាំងអស់ ធ្វើជាឯកសារតែមួយ និងកំណត់អំពីពាក្យទាំងអស់ដែលត្រូវប្រើនៅក្នុងផែនទីទាំងនេះ ដើម្បីឱ្យស៊ីសង្វាក់គ្នា រវាងភាសាបារាំង និងភាសាថៃ។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនទីនេះ ថៃមិនដែលតវ៉ាជំទាស់នឹងខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះទេ។ ម្យ៉ាងវិញទៀតការដែលថៃលើកឡើងថា ខ្លួនមានការភាន់ច្រឡំ ហើយមើលមិនឃើញពីភាពមិនប្រក្រតីនៅលើផែនទីដងរែកក៏ជារឿងមិនសមហេតុផលដែរ ពីព្រោះថា គ្រាន់តែគេមើលផែនទីឧបសម្ព័ន្ធទី១ គេអាចមើលឃើញយ៉ាងច្បាស់អំពីតំបន់ប្រាសាទព្រះវិហារ មិនអាចចន្លោះបានទេ។ នៅលើផែនទីនេះ ទីតាំងប្រាសាទព្រះវិហារ ត្រូវបានកំណត់ដោយសញ្ញាសម្គាល់យ៉ាងច្បាស់ដែលមានរាងជាប្លង់តួប្រាសាទនិងជណ្តើរប្រាសាទ។ ចំណែកខ្សែបន្ទាត់ព្រំដែនត្រូវបានគេគូសបង្ហាញយ៉ាងច្បាស់នៅខាងជើងប្រាសាទព្រះវិហារហើយមិនត្រូវនឹងខ្សែបែងចែកផ្លូវទឹកទេ។ ដូច្នេះវាជារឿងដែលមិនអាចទៅរួចទេ ដែលថាអ្នកដែលបានមើលផែនទីនេះហើយ តែមើលមិនឃើញអំពីចំណុចនេះ។
លើសពីនេះទៅទៀត ខាងភាគីថៃអ្នកដែលបានឃើញផែនទីឧបសម្ព័ន្ធទី១នេះ(ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស,រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ,សមាជិកគណៈកម្មការចម្រុះបារាំង-សៀម,ព្រមទាំងអភិបាលខេត្តនៅជាប់នឹងតំបន់ប្រាសាទព្រះវិហារ) សុទ្ធសឹងជាអ្នកដែលមានជំនាញខាងភូមិសាស្រ្ត និងស្គាល់ភូមិសាស្រ្តនៅតំបន់ព្រះវិហារយ៉ាងច្បាស់លាស់។ ដូច្នេះវាកាន់តែមិនអាចទៅរួចទៅទៀតដែលថា អ្នកទាំងនេះមិនអាចមើលដឹងថានៅក្នុងផែនទីឧបសម្ព័ន្ធទី១ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជា។ តាមរយៈហេតុផលទាំងនេះ តុលាការបានកំណត់ថា នៅតំបន់ប្រាសាទព្រះវិហារព្រំដែនស្របច្បាប់រវាងកម្ពុជានិងថៃគឺ ខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១ មិនមែនខ្សែបែងចែកផ្លូវទឹកដូចការទាមទាររបស់ថៃនោះទេ។
ជាចុងក្រោយ ដោយយោងលើសេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យ ដែលបានដាក់ជូនតុលាការនៅពេលបញ្ចប់នីតិវិធីទាញហេតុផលផ្ទាល់មាត់ ដែលបានចង្អុលបង្ហាញនៅក្នុងសេចក្ដីផ្ដើម នៃសាលដីកានេះ តុលាការរកឃើញថា សេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យលើកទី១ និងលើកទី២របស់កម្ពុជា ដែលសុំឱ្យប្រកាសនូវឋានៈតាមផ្លូវច្បាប់នៃផែនទីឧបសម្ព័ន្ធទី១ និងខ្សែព្រំដែននៅក្នុងតំបន់ជម្លោះ គឺអាចទទួលយកមកពិចារណាបានតែក្នុងលក្ខខណ្ឌថា សេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យទាំងនេះ មានបញ្ជាក់ពីមូលហេតុ ហើយមិនមែនជាការទាមទារដែលត្រូវយកមកដោះស្រាយនៅក្នុងបញ្ញាត្តិអនុវត្តនៃសាលដីកានេះទេ។ ម្យ៉ាងទៀតតុលាការរកឃើញថាក្រោយពីបានលើកឡើងនូវការទាមទាររបស់ខ្លួន ពាក់ព័ន្ធនឹងអធិបតេយ្យលើប្រាសាទព្រះវិហារ ថៃបានលើកឡើងនៅក្នុងសេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យរបស់ខ្លួនត្រឹមតែអំណះអំណាង និងការបដិសេធដែលជំទាស់ទៅនឹងការតវ៉ារបស់ភាគីកម្ពុជាប៉ុណ្ណោះ។ នៅចំពោះមុខនៃបណ្ដឹងទាមទារដែលបានដាក់ជូនតុលាការដោយ កម្ពុជា និងថៃ ទាក់ទងនឹងដែនអធិបតេយ្យភាពលើប្រាសាទព្រះវិហារដែលនាំឱ្យមានជម្លោះរវាងប្រទេសទាំងពីរនេះ ទីបំផុតតុលាការក្រុងឡាអេ បានគាំទ្រលើកម្ពុជានិងសម្រេចសេចក្តីថា៖ •ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា ដែលសមាសភាពនៅក្នុងការសម្រេចក្តីអនុម័តដោយ៩សំឡេង ទល់នឹង៣។ •ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា ដែលអនុម័តដោយ ៩សំឡេងទល់នឹង៣។ •ថៃត្រូវប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញ នូវរាល់វត្ថុបុរាណដូចជា រូបចម្លាក់ សិលាចារឹក គ្រឿងចានឆ្នាំងធ្វើអំពីដី។ល។ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ១៩៥៤ មកដែលអនុម័តដោយ៧សំឡេង ទល់នឹង៥។ សូមជម្រាបជូនថា រឿងក្ដីទាក់ទងទៅនឹងប្រាសាទព្រះវិហារប្រព្រឹត្ដទៅអស់រយៈពេលជិត៣ឆ្នាំ ហើយនៅទីបញ្ចប់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្ដរជាតិក្រុងឡាអេ បានសម្រេចឱ្យប្រទេសកម្ពុជាទទួលជ័យជម្នះ។
នៅពេលដល់ថ្ងៃទី១៥មិថុនានេះជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានរៀបចំពិធីដែលមានការចូលរួមពីប្រជាពលរដ្ឋរំលឹកឡើងវិញ អំពីជោគជ័យដែលកម្ពុជាទទួលបានសិទ្ធិ ជាម្ចាស់លើប្រាសាទព្រះវិហារនេះក៏ដើម្បីឱ្យកូនខ្មែរចងចាំ និងមានស្មារតីរក្សាការពារមរកតដ៏ថ្លៃថ្លានេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version