Update៖ អ៊ីស្រាអែលនិងអ៊ីរ៉ង់ បន្តធ្វេីការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក!

កាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា) អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តធ្វេីការវាយតាមផ្លូវអាកាសទៅវិញទៅមក។ បណ្តាលឱ្យមានការរីករាលដាលទៅលើតំបន់ផលិតប្រេងពិភពលោក បន្ថែមពីនោះអ៊ីរ៉ង់ក៏សម្រេចលុបចោលកិច្ចចរចានុយក្លេអ៊ែរជុំថ្មីជាមួយអាមេរិកផងដែរ។

ប្រភពពីសារព័ត៌មាន Reuters។

យោធាអ៊ីស្រាអែលនិយាយថា មីស៊ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ ឆ្ពោះមកអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៊ីរ៉ង់។
មីស៊ីលជាច្រើនត្រូវបានគេមើលឃើញនៅលើដែនអាកាសនៃទីក្រុង Jerusalem។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាស មិនបានបន្លឺឡើងនៅក្នុងទីក្រុងនេះទេ ប៉ុន្តែ លាន់ឮនៅទីក្រុង Haifa ភាគខាងជើង អ៊ីស្រាអែល។ សេវារថយន្តសង្គ្រោះអ៊ីស្រាអែលនិយាយថា ស្ត្រីម្នាក់ត្រូវបានសម្លាប់ និង ១៣នាក់រងរបួស បន្ទាប់ពីមីស៉ីលវាយប្រហារផ្ទះមួយនៅភាគខាងជើងអ៊ីស្រាអែល។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្ស ៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅក្រុង Tamra ជាទីក្រុងដែលមានប្រជាជនប៉ាឡេស្ទីនច្រេីនលើសលុប។
នៅអ៊ីរ៉ង់វិញ ឃ្លាំងប្រេង Shahran ក្នុងទីក្រុង Tehran គឺជាគោលដៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ប៉ុន្តែស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ហេីយមានភ្លេីងឆេះរោងចក្រចម្រាញ់ប្រេងនៅជិតរដ្ឋធានី។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានកំណត់គោលដៅមកលេីអគារក្រសួងការពារជាតិនៅក្នុងទីក្រុង Tehran ផងដែរ ដែលបណ្តាលឱ្យមានការខូចខាតតិចតួច៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version