(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធពលករខ្មែរនៅថៃ និងការបិទព្រំដែនឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
ការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ៖
* ជាកិច្ចចាប់ផ្តើមថ្លែងសារពិសេសនាព្រឹកថ្ងៃនេះ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានលើកដៃប្រណមថ្វាយព្រះពរសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម។ ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញរាប់បាត្រថ្វាយរាជកុសលថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរផងដែរ។
សម្តេចតេជោ បានថ្លែងថា ពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម ត្រូវទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ។
សម្តេចតេជោ បានថ្លែងថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ មិនអាចទុកពលរដ្ឋខ្មែរឱ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយនោះឡើយ។
សម្តេចតេជោ បានថ្លែងថា នៅពេលសម្តេច និងសម្តេចនាយករដ្ឋមន្ត្រី បង្ហោះសារពាក់ព័ន្ធពលករខ្មែរនៅ តែងមានការលើកឡើងពីបញ្ហាបំណុល។ សម្តេចតេជោ បានថ្លែងអំណរគុណរបស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដែលទទួលយកសំណូមពររបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល ឬបន្ធូរបន្ថយសម្រាប់ការបង់ធនាគាររបស់ពលរដ្ឋត្រឡប់មកកម្ពុជា។
សម្តេចតេជោ បន្តអំពាវនាវដល់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុជួយសម្របសម្រួលដល់ពលករខ្មែរដែលត្រឡប់មកវិញ។
សម្តេចតេជោ បន្តអំពាវនាវដល់ពលករខ្មែរឱ្យត្រឡប់មកប្រទេសវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនអាចទៅពឹងពាក់គេមួយជីវិតនោះទេ ត្រូវតែត្រឡប់មកវិញ នេះជាពេលវេលាដ៏សាកសម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ នាពេលនេះមិនងាយបញ្ចប់នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រំដែនខាងកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើក។ កម្ពុជាមិនត្រូវការចរចានោះទេ ពេលបិទ បិទដោយខ្លួនឯង ពេលបើកហៅកម្ពុជាទៅចរចា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានសេចក្តីថ្លៃថ្នូរ មានកិត្តិយស មានការទទួលខុសត្រូវ កុំហៅកម្ពុជា ទៅចរចាបាក់មុខជាមួយ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋថៃទៅតវ៉ាជាមួយយោធាថៃ រឿងបិទច្រកព្រំដែន ព្រោះនេះជាការបំពានច្បាប់របស់យោធាថៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថៃ រាជរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីគ្មានសិទ្ធិបញ្ជាការងារនោះឡើយ ផ្ទុយទៅវិញកម្ពុជា មានសំឡេងជាធ្លុងជាមួយរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើថៃបើកនៅម៉ោង ១យប់ យូរបំផុតត្រឹម៥ម៉ោងកម្ពុជាបើក។ បើពេលថ្ងៃវិញ ក្រោយថៃបើក ត្រឹមតែ១ម៉ោង ឬ២ម៉ោង គឺកម្ពុជាបើកវិញហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃ ជាអ្នកបិទច្រក ដូច្នេះថៃបើកទៅ គឺចប់ហើយ។ ថៃជាអ្នកចង ថៃត្រូវតែជាអ្នកស្រាយ កម្ពុជាមិនទៅស្រាយជាមួយឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទមិនឱ្យថៃ នាំទំនិញចូលមកកម្ពុជា គឺមានលទ្ធភាពខ្ពស់។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិខ្មែរ នាំគ្នាប្រើប្រាស់ផលិតផល ដែលខ្មែរមាន ! ជាតិនិយមរបស់ខ្មែរ !
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពនឹងនរ ហើយពលរដ្ឋខ្មែរសូមកុំដំឡើងថ្លៃទំនិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃ យល់ខុសហើយ ដែលពង្រីកជម្លោះព្រំដែនពីមុំ៣ ដល់វិស័យដទៃទៀត រួមទាំងពាណិជ្ជកម្ម។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីជម្លោះព្រំដែននៅឆ្នាំ២០០៨ ក្នុងកិច្ចប ្រជុំមេគង្គ-ជប៉ុន នៅតូក្យូ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ប្រកាសបិទព្រំដែន សម្តេចបានប្រកាសឈប់ប្រើទំនិញថៃ។ ក្រោយសម្តេចប្រកាសបែបនេះ ខាងមិនហ៊ានបិទព្រំដែននោះទេ ចុះហេតុអ្វីពេលនេះហ៊ានបិទ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតខ្មែរកំពុងសិក្សាអាហារូបករណ៍នៅថៃ បើគេឈប់ឱ្យរៀន ឬធ្វើទុក្ខបុកម្នេញផ្សេងៗ សូមត្រឡប់មករៀននៅខ្មែរ សម្តេចចេញថ្លៃអាហារូបករណ៍ជូន។
សម្តេចតេជោ បានថ្លែងថា ជាការគាប់ជួនណាស់ ៦៣ឆ្នាំ កម្ពុជាបានយកឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយថ្ងៃដដែលម្សិលមិញ កម្ពុជា បានប្តឹងជាថ្មីទៅ ICJ។
សម្តេចតេជោ បានថ្លែងថា ហេតុអ្វីកម្ពុជា ត្រូវឡើងទៅ ICJ? ទៅ ICJ ព្រោះកម្ពុជា និងថៃ មិនអាចរកការស្រុះស្រួលគ្នាលើតំបន់ទាំង៤ ប្រាសាទតាមាន់ធំ តាមាន់ធំ តាក្របី និងមុំ៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃបានបញ្ជាក់ជំហរច្បាស់ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺប្រកាសវ៉ៃគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនខ្វះសព្វាវុធធ្វើសង្គ្រាមនោះឡើយ តែកម្ពុជា មិនចង់ធ្វើវ៉ៃនរណានោះឡើយ គឺត្រឹមការពារខ្លួនប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចរចា និងការអនុវត្តច្បាប់អន្តរជាតិ គឺជាជម្រើសសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ប្រទេសលើពិភពលោកនឹងគាំទ្រកម្ពុជា ក្នុងការប្រើយន្តការច្បាប់អន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែចោរទេ ដែលខ្លាចតុលាការ។ បើបរិសុទ្ធ មិនខ្លាចតុលាការនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកម៉ាឡេស៊ី និងសិង្ហបុរី ជាគំរូក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយគ្នា តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រទេសនានាដែលស្រឡាញ់សន្តិភាព ហើយស្អប់សង្គ្រាម សូមគាំទ្រការប្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំខ្លាចបើមានសុចរិតគ្រប់គ្រាន់។ សម្រាប់អ្នកមានអាថ៌កំបាំងនៅពីក្រោយ គឺមិនហ៊ានឡើងតុលាការនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានព្យាករណ៍រួចទៅហើយសម្រាប់ស្ថានភាពព្រំដែនកម្ពុជា ទើបកម្ពុជា បោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រួសារខ្មែរ មានសាច់ញាតិធ្វើការនៅថៃ អំពាវនាវឱ្យពួកគេត្រឡប់មកខ្មែរវិញ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំឱ្យមានភាពជ្រុលនិយមដូចថៃនៅបាងកក ដែលញុះញង់ដោយ ស៊ុនធិ លឹមថងគុល ឱ្យមានការស្អប់គ្នារវាងខ្មែរ និងថៃ។
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ ស៊ុនធិ លឹមថងគុល ត្រូវស្គាល់សម្តេចឱ្យច្បាស់ថាជានរណា?
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ ចតុផន ព្រំដែន មេអាវក្រហម ដែលទៅចុះចូលជាមួយ ស៊ុនធិ លឹមថងគុល ត្រូវថ្នមសម្តី ព្រោះលោកធ្លាប់សម្តេចឱ្យជ្រកកោន និងឱ្យបាយហូប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនចង់ឱ្យអាស៊ាន ឈឺក្បាលជាមួយកម្ពុជានោះទេ តែសម្តេចជឿថា សម្តេចនាយករដ្ឋមន្ត្រី នឹងលើកក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅប្រទេសនានាថា កម្ពុជា មិនសុំអាវុធ មកវ៉ៃគ្នានោះឡើយ គឺសុំត្រឹមការគាំទ្រវិធានការច្បាប់អន្តរជាតិប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនទទួលស្គាល់ផែនទីគូរជាឯកតោភាគីនោះឡើយ។ ផែនទីត្រូវតែស្របនឹងផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ១៩០៧។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចមានប្រសាសន៍ហាក់ចូលកិច្ចការរបស់នាយករដ្ឋមន្ត្រី។ តែអ្វីដែលសម្តេចលើកមិនបានខុសពីជំហររបស់រាជរដ្ឋាភិបាលនោះឡើយ៕