ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃចន្ទ(ទី១៦ខែមិថុនា)បានកំណត់គោលដៅទៅលើអគារទូរទស្សន៍ផ្លូវការរបស់អ៊ីរ៉ង់ អំឡុងពេលផ្សាយផ្ទាល់។
ប្រភពពីសារព័ត៌មានAljazeera។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បាននិយាយថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារទូរទស្សន៍ជាតិរបស់អ៊ីរ៉ង់ ខណៈពេលដែលវាកំពុងផ្សាយផ្ទាល់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឱ្យដឹងថា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបន្តការផ្សាយឡើងវិញ បន្ទាប់ពីមានការរំខានមួយរយៈ ដោយចាក់ផ្សាយពីស្ទូឌីយ៉ូផ្សេងៗគ្នា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
មុននេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយថា ទូរទស្សន៍រដ្ឋ និងវិទ្យុរបស់អ៊ីរ៉ង់ “ជិតបាត់ទៅហើយ។
យោងតាមទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានឱ្យដឹងថា បុគ្គលិកជាច្រើននាក់បានរងរបួស។
ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីថ្ងៃសុក្រ នៅពេលដែលអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសដោយសម្របសម្រួលលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងយោធា និងនុយក្លេអ៊ែរ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ចាប់ផ្តើមការវាយប្រហារសងសឹក។
អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា មនុស្សយ៉ាងតិច២៤នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ចាប់តាំងពីថ្ងៃសុក្រមក៕