សម្តេចធិបតី ថ្លែងថា ធ្វើនយោបាយ គឺធានាបាននូវភាពច្បាស់លាស់ និងការអត់ធ្មត់!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា រក្សាភាពអត់ធ្មត់ មិនបានឆ្លើយតប ទៅភ្លាមៗទៅកាន់យោធាថៃ ។
ដែលបានគំរាមផ្តាច់អគ្គិសនី កាត់អ៊ីធឺណិត បែរជាក្រុមប្រឆាំងនៅកម្ពុជាបានយកបញ្ហានេះ មកវាយប្រហារ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសមកលើត្រកូលហ៊ុន ថាប្រហែលជាបានលក់ទឹកដី លក់ជាតិ លក់ប្រាសាទទៅឱ្យគេហើយមើលទៅ។

ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំងវិញថា តើពួកគេយល់ពីកិច្ចការនយោបាយទេ?ពេលខ្លះការធ្វើសកម្មភាពនយោបាយ មិនចាំបាច់វ៉ៃជួងប្រកូកប្រកាសនោះទេ។

សម្តេចធិបតី បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា។

សម្តេចធិបតី បានថ្លែងបន្តថា ការធ្វើនយោបាយ គឺការធានាបាននូវភាពច្បាស់លាស់ និងភាពម្ចាស់ការ អត់ធ្មត់ ដោយមិនអាចលោតម្តងទៅលិច ម្តងទៅកើត រេរាទៅតាមខ្យល់ដូចចុងស្រល់នោះទេ។
ជុំវិញបញ្ហាភ្លើងអគ្គិសនី និងអ៊ីធឺណិត សម្ដេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាមិនចាំបាច់ឆ្លើយតបទេ ឱ្យតែដល់ម៉ោងកំណត់ គឺយើងកាត់ផ្តាច់តែម្តង គឺចប់ហើយ។

សម្តេចធិបតី បញ្ជាក់ថា អ្វីដែលជាគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន គឺការទទួលខុសត្រូវលើបូរណភាពទឹកដី គិតពីឧត្តមប្រយោជន៍ជាតិនិងប្រជាជន និងទទួលខុសត្រូវលើកិត្តិយសជាតិ និងកេរ្តិ៍ឈ្មោះប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយនឹងបន្តធ្វើទៅថ្ងៃអនាគត។

បន្ថែមពីលើនេះ សម្តេចធិបតីបានថ្លែងអំពាវនាវឱ្យបងប្អូនជនរួមជាតិ និងមន្ត្រីរាជការទាំងអស់ ឲ្យជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាលំបាកមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version