នាថ្ងៃពុធ ទី១៨ ខែមិថុនា អ៊ីរ៉ង់បាននិយាយថា ខ្លួនបានបាញ់មីស៉ីលល្បឿនលឿនជាងសំឡេងទៅលើអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ ឈានចូលដល់ថ្ងៃទី៦។
ប្រភពពីសារព័ត៌មាន AFP។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ប្រតិបត្តិការ Honest Promise 3 ជុំទី១១ ដោយប្រើប្រាស់មីស៉ីល Fattah-1 ត្រូវបានធ្វើឡើង។ មីស៉ីលល្បឿនលឿនជាងសំឡេង ធ្វើដំណើរក្នុងល្បឿនលឿនជាងល្បឿនសំឡេងលើសពី៥ដងឡើងទៅ ហើយអាចកែប្រែទិសដៅពេលកំពុងហោះហើរបាន ដែលធ្វើឱ្យពួកវាពិបាកក្នុងការចាប់សញ្ញានិងបាញ់ស្ទាក់។ ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បានប្រើយន្តហោះដ្រូន បាញ់ឆ្ពោះទៅកាន់អ៉ីស្រាអែលផងដែរ។
ដោយឡែក មុនព្រឹកព្រលឹមថ្ងៃដដែលនេះ ក្រុមយន្តហោះចម្បាំងអ៉ីស្រាអែល ក៏នៅតែបន្តការវាយប្រហារលើរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ ហើយយោធាអ៉ីស្រាអែល បានអះអាងថា ខ្លួនបានវាយប្រហារចំទីតាំងផលិតអាវុធ និងកន្លែងផលិតម៉ាស៉ីន centrifuge៕