(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមនិងប្រតិភូដែលបានអញ្ជើញមក ទស្សនកិច្ចនៅកម្ពុជា ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ហើយនិយាយដោយឡែកទាក់ទងទៅនឹងវិស័យទេសចរណ៍ វប្បធម៌ នៃប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ របស់ម៉ាឡេស៊ីបានសម្ដែងនៅការអរគុណចំពោះសម្ដេចតេជោដែលបានចំណាយពេលវេលាផ្ដល់ឱកាសឲ្យឯកឧត្តម និងសហការីបានជួបសំដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានលើកឡើងអំពីសក្តានុពលនៃវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសចំនួននៃការកើនឡើងភ្ញៀវទេសចរណ៍កម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី និងការកើនឡើងអ្នកទេសចរណ៍ម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ឱ្យភាគីទាំងពីរពង្រីកទំនាក់ទំនងទេសចរណ៍ជាមួយគ្នាឲ្យកាន់តែរីកចម្រើនតាមរយៈការបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរណ៍នៃប្រទេសទាំងពីរ ដែលជាផ្នែកមួយដ៏សំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រជាជននិងប្រជាជន ។ សម្ដេចតេជោក៏បានលើកឡើងចង់ឲ្យមានការពង្រីកជើងហោះហើរត្រង់ពីម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា ក្រៅពីការហោះហើរពីម៉ាឡេស៊ីមកកាន់ទីក្រុងភ្នំពេញ សម្ដេចបានស្នើឲ្យមានការបង្កើនជើងហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីពង្រីកនៃវិស័យទេសចរណ៍បន្ថែមទៀត។
នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោក៏បានជម្រាបប្រាប់ដល់ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ដែលបានអញ្ជើញមកដែរនោះ ដោយសម្ដេចបានស្នើឱ្យឯកឧត្តមនាំសាររបស់សម្ដេច ទាក់ទងទៅនឹងបញ្ហា ព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីប្រាប់ទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះដោយសម្ដេចបានពន្យល់អំពីស្ថានភាព ពិតប្រាកដនៃការកើតឡើង នៃជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ដែលជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។ សម្ដេចក៏បានបញ្ជាក់ពីបញ្ហានៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថ គំរាមដូចជាការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។ សម្ដេចតេជោក៏បានលើកឡើងពីយន្តការរបស់កម្ពុជាដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី ជាពិសេសការជំរុញបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី បានសន្យាថា នឹងនាំយកនូវសាររបស់សម្ដេចតេជោ ទៅកាន់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ហើយឯកឧត្តមក៏គាំទ្រចំពោះយន្តការនៃការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ៕