(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃដោយសន្តិវិធី
ព្រមទាំងបន្តអនុវត្តយន្តការដែលធ្លាប់ប្រើប្រាស់តាមរយៈការចរចានិងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
អង្គប្រជុំគណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការពិនិត្យការងារអទិភាពមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ប្រកបដោយអត្ថន័យក្នុងស្មារតីរួបរួមកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័ននីតិប្រតិបត្តិ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំ។
គណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋសភា លើកទឹកចិត្តពេញទំហឹងជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ក្នុងការបំពេញបេសកកម្ម ផ្សារភ្ជាប់សុខទុក្ខរវាងកងទ័ពស្នេហាជាតិដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនខ្មែរ-ថៃឲ្យបានសស្រាក់ស្រាំក្នុងស្មារតីលះបង់ខ្ពស់ជាការរួមចំណែករបស់អ្នកនៅជួរក្រោយ បន្តគាំទ្រ និងលើកទឹកចិត្តអ្នកនៅជួរមុខជានិច្ច។
កិច្ចប្រជុំនោះដែរ ក៏បានថ្លែងការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមនសិកាស្នេហាជាតិដ៏ស្មោះសមោះមុតខ្ពង់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ដល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជូនដល់រាជរដ្ឋាភិបាលនិងជនរួមជាតិផងដែរ៕