ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងក្រៅការិយាល័យរដ្ឋាភិបាលរបស់ថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដើម្បីទាមទារឱ្យ នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ប្រភពពីសារព័ត៌មាន AFP។
ព័ត៌មានអាស្រូវខាងលើ បាននិងកំពុងអង្រួនរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn ឱ្យរង្គើរ បន្ទាប់ពីគណបក្ស Bhumjaithai ជាបក្សធំទី២ ក្នុងក្រុមចម្រុះបានដកខ្លួន ចេញពីសម្ព័ន្ធនយោបាយ កាលពីថ្ងៃពុធ ដោយចោទថាលោកស្រីកំពុងបំផ្លាញប្រទេសជាតិ និងប្រមាថដល់សេចក្ដីថ្លៃថ្នូររបស់យោធាថៃ។ ការបែកធ្លាយកិច្ចសន្ទនាមានរយៈពេល ១៧នាទី ដែលនៅក្នុងនោះគេឮលោកស្រី Paetongtarn រិះគន់មេបញ្ជាការភូមិភាគ២របស់ថៃ ដោយហៅថាជាក្រុមប្រឆាំងនឹងលោកស្រី និងបានហៅសម្ដេចតេជោថាពូបានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមប្រជាជនថៃ។
នៅក្នុងបាតុកម្មតវ៉ាទាមទារឱ្យលោកស្រី Paetongtarn ចុះចេញពីតំណែង គេឃើញមានបាតុករភាគច្រើនជាមនុស្សចាស់ស្លៀកអាវយឺតពណ៌លឿង ជាពណ៌តំណាងឱ្យអ្នកគំាទ្រ របបរាជានិយមថៃ។ ក្រុមបាតុករទាំងនោះបានចោទប្រកាន់នាយករដ្ឋមន្ត្រីវ័យ៣៨ឆ្នាំ ថាខ្វះជំនាញខាងការទូត និងកំពុងបំផ្លាញផលប្រយោជន៍ជាតិ។ «ខ្ញុំពិតជាខកចិត្តខ្លាំង ណាស់ នៅពេលខ្ញុំបានឮសំឡេងបែកធ្លាយ។ គាត់ (លោកស្រី Paetongtarn) ខ្វះជំនាញខាងចរចា។ តើគាត់គិតថាខ្លួនឯងជានរណា? ប្រទេសនេះមិនមែនជាកម្មសិទ្ធិផ្ដាច់មុខ របស់គាត់ឡើយ»។ នេះជាការលើកឡើងរបស់បាតុករម្នាក់ឈ្មោះ Kanya Hanotee មានអាយុ៦៨ឆ្នាំ ប្រាប់ AFP។ បាតុករម្នាក់ទៀត ឈ្មោះ Kaewta មានអាយុ ៦២ឆ្នាំ ជាស្រ្តីមេផ្ទះបានប្រាប់ AFP ថាខ្លួនបានចូលរួមជាមួយក្រុមអាវលឿងអស់រយៈពេល២០ឆ្នាំមកហើយ។ «ខ្ញុំមិនគាំទ្រគណបក្សនយោបាយណាមួយទេ តែខ្ញុំស្អប់ថាក់ស៊ីន និងគ្រួសាររបស់គាត់»។
នៅឯកន្លែងបាតុកម្ម ក្រុមបាតុករបានគ្រវីទង់ជាតិថៃ និងលើកផ្ទាំងបដារដោយសរសេរថា Paetongtarn ជាជនក្បត់ ហើយស្រែកច្រៀងទាមទារឱ្យលោកស្រីចុះចេញពីតំណែង៕