Update៖ អ៊ីរ៉ង់ បដិសេធសំណើកិច្ចចរចារជាច្រើនលើករបស់អាមេរិក!

កាលពីថ្ងៃសុក្រ(ទី២០ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថាទីក្រុង Tehran បានទទួលសារជាច្រើនពីអាមេរិក ដែលស្នើឲ្យសុំចរចា ប៉ុន្តែអ៊ីរ៉ង់គ្មានអ្វីត្រូវនិយាយទៅកាន់ទីក្រុងវ៉ាស៊ីនតោននោះទេ ដោយសារតែអ៊ីរ៉ង់ចាត់ទុកថាអាមេរិកជាដៃគូសត្រូវដែលបានប្រព្រឹត្តជាមួយអ៊ីស្រាអែល។

ប្រភពពីសារព័ត៌មានAANews។

លោក Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថាយើងមិនមានការចរចាជាមួយនរណាម្នាក់អំពីកម្មវិធីមីស៊ីលរបស់យើងទេ។ គ្មានគំនិតសមហេតុផលនឹងទទួលយកការចូលពិភាក្សាអំពីសមត្ថភាពការពាររបស់ខ្លួននោះទេ។
លោក Araghchi បានសង្កត់ធ្ងន់ថា ដរាបណាការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត វានឹងមិនមាន ការពិភាក្សាជាមួយនរណាម្នាក់ឡើយ។

លោក Araghchi បានបន្ថែមថា អ៊ីរ៉ង់នឹងបន្តកិច្ចពិភាក្សាជាមួយភាគីអឺរ៉ុប ដោយកត់សម្គាល់កិច្ចប្រជុំដែលបានគ្រោងទុកនៅទីក្រុងហ្សឺណែវ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានឱ្យដឹងថា លោក Araghchi គ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ រួមជាមួយនឹងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Kaja Kallas នៅទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ។

លោកបានរំលឹកឡើងវិញថាកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់គឺ ពិសេស ការពារ និងកំណត់គោលដៅច្បាស់លាស់ហើយបាននិយាយថាការវាយប្រហាររបស់អ៊ីរ៉ង់ត្រូវបានរៀបចំឡើងដោយមានការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះក្រមសីលធម៌និងស្តង់ដារអន្តរជាតិ។
លោកបានមានប្រសាសន៍ថាកងកម្លាំងប្រដាប់អាវុធរបស់យើងផ្តោតតែលើមជ្ឈមណ្ឌលយោធានិងសេដ្ឋកិច្ចមិនដែលជា តំបន់លំនៅឋានមន្ទីរពេទ្យឬអគារជនស៊ីវិលឡើយ។

គួរជម្រាបថា ការអត្ថាធិប្បាយនេះកើតឡើងចំពេលមានភាព តានតឹងក្នុងតំបន់កាន់តែខ្លាំងឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនិងការឆ្លើយតបដោយកាំជ្រួច របស់អ៊ីរ៉ង់។
ទន្ទឹមនឹងនេះដែរ នៅក្នុងប្រទេសអ៊ីរ៉ង់ មនុស្សចំនួន ៦៣៩ នាក់ត្រូវបានសម្លាប់ និងជាង ១.៣០០ នាក់បានរងរបួសនៅក្នុងការវាយប្រហារបស់អ៊ីស្រាអែល នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *