UNនិយាយថា ជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ កាន់តែធំលែងគ្រប់គ្រងបាន!

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅ(ថ្ងៃអាទិត្យទី២២) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កម្លាំងរបស់អាមេរិកមកលើអ៊ីរ៉ង់។

ដោយលោកនិយាយថា ជម្លោះរវាងអ៊ីស្រាអែល-អ៊ីរ៉ង់ កំពុងកើនឡើង អាចនឹងចេញផុតពីការគ្រប់គ្រងយ៉ាងឆាប់រហ័ស ជាមួយនឹងផលវិបាកធ្ងន់ធ្ងរ។
ប្រភពពីសារព័ត៌មាន Alarabiya។

លោក Guterres លើកឡើងបែបនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសថា ការវាយប្រហាររបស់អាមេរិកបាន បំផ្លាញទាំងស្រុង នូវទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីនៅអ៊ីរ៉ង់ គឺ Fordow, Isfahan និង Natanz។

សេចក្តីថ្លែងការណ៍មួយ ដែលចេញ ដោយអ្នកនាំពាក្យរបស់លោក លោក Guterres បានថ្លែងថានេះគឺជាការកើនឡើងដ៏គ្រោះថ្នាក់មួយនៅក្នុងតំបន់ដែលតានតឹងរួចទៅហើយ និងជាការគំរាមកំហែង ដោយផ្ទាល់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ នៅក្នុងគ្រាដ៏លំបាកនេះ វាមានសារៈសំខាន់ណាស់ក្នុងការបញ្ចៀសនូវវង់វិលនៃភាពវឹកវរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរដ្ឋជាសមាជិក ទាំងអស់ បន្ធូរបន្ថយភាពតានតឹង និងគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
លោកបានបន្ថែមថា គ្មានដំណោះស្រាយយោធាទេ ផ្លូវតែមួយគត់ឆ្ពោះទៅមុខគឺការទូត ក្តីសង្ឃឹមតែមួយគត់គឺសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *