សម្តេចធិបតី អញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា!

(សៀមរាប)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។
សហភាពសហព័ន្ធយុវជនកម្ពុជា ជាចលនាមហាជនដ៏ធំមួយនៅកម្ពុជា ដែលបានប្រមូលផ្តុំយុវជនគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាពសេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។

នៅឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានជ្រើសរើស ទឹក ដី ខេត្ត សៀម រាបអង្គរ បើកកិច្ចប្រជុំគណៈ កម្មាធិការ កណ្តាលក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែង រកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សាភ្ជាប់ផែន ការ ការងារឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ ដែលបានរៀបចំជាបន្តបន្ទាប់។

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហ ព័ន្ធ យុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមឆ្ពោះទៅកាន់ការរៀប ចំកិច្ចប្រជុំគណៈ កម្មាធិការ ស.ស.យ.ក. ឆ្នាំ២០២៥ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូល រួមពី លោក លោកស្រី អនុប្រធាន ស.ស.យ.ក. ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ប្រមាណ ៥០០ រូបផងដែរ។ យោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ស.ស.យ.ក. បា ន កោះប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដែលបានសមាជិកសរុប ៤៨៧ នាក់ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅការ ងារ បន្ត ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។

បន្ទាប់មកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់ផ្ដើម បើក កិច្ច ពិភាក្សាជាក្រុម ដើម្បីពិភាក្សាទៅលើកិច្ចការសំខាន់ៗ រួមមាន៖ កិច្ចការ ពង្រឹង ស្ថាប័ន និងពង្រីកសមាជិកភាព ការតម្រង់ទិសដល់សមាជិក សមាជិកា ដើម្បី ជំ រុញការចូលរួមពីយុវជនជំនាន់ថ្មី ព្រមទាំងពិភាក្សាលើការរៀបចំខ្លឹមសារ និងការប្រើប្រាស់យន្តការផ្សព្វផ្សាយរបស់ស្ថាប័ន ដែលក្រុមនីមួយៗត្រូវបានដឹក នាំផ្ទាល់ ដោយឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក.ទាំង៨។
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ដោយមានវត្តមានចូ ល រួមពី សំណាក់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ ៥០០នាក់។

លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកាទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨» ។

ប្រសាសន៍របស់លោក ហ៊ុន ម៉ានី ជាមួយនឹងការចូលរួមគាំទ្រពីគ្រប់ មជ្ឈដ្ឋាន នៅ ទូទាំងប្រទេស ស.ស.យ.ក. បានពង្រីកការរួមចំណែករបស់ខ្លួនកាន់តែ ខ្លាំងក្លា ថែម ទៀត ក្នុងការចូលរួមអភិវឌ្ឍសង្គម។ លោកបានគូសបញ្ជាក់ផងដែរថា ក្រុមគ្រួសារ ស.ស.យ.ក. បេ្តជ្ញាថានឹងរៀបចំកម្មវិធីសំខាន់ៗបន្តទៀតសំដៅបង្កើនក្តីស្រឡាញ់ សមានចិត្ត ការគាំទ្រ និងការជួយលើកតម្កើងឱ្យកាន់តែខ្ពស់ថែមទៀតនូវ មោទន ភាព របស់យុវជន និងប្រជាជននៅទូទាំងប្រទេសចំពោះជាតិមាតុភូមិ ក្រោមការដឹក នាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ស្របពេលស្ថានភាពតានតឹងនៃបញ្ហាព្រំដែន ក្នុងកិច្ចប្រជុំនេះ ស.ស.យ.ក. ប្រកាសប្តេជ្ញាបន្តចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងនូវគ្រប់ចំណាត់ការរបស់ រាជរដ្ឋាភិបាលនិងស្ថាប័នកំពូលៗរបស់ជាតិពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ និងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ស.ស.យ.ក បានរៀបចំដំណើរថ្មើរជើង(Solidarity March) ដោយបានបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី និង រួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ដែលជាការចូលរួម ចំណែកក្នុងខឿនការពារជាតិប្រជាជនផងដែរ។

សូមបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលស.ស.យ.ក. មាន បទអន្តរាគមន៍ចំនួន៤ ក្នុងចំណោម ៨ ដែលបានយកមកពិភាក្សាក្នុង អង្គប្រជុំនា ឱកាស នោះ។ ប្រធានបទដែលបានយកមកធ្វើបទអន្តរាគមន៍រួមមាន ការវិភាគ និង វាយតម្លៃ SWOT របស់ ស.ស.យ.ក. ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន ការពង្រឹង និង ពង្រីកសមាជិកភាពរបស់ ស.ស.យ.ក. ការពង្រឹងអត្តសញ្ញាណ និងរចនាសម្ព័ន្ធ ស.ស.យ.ក. និងការតម្រង់ទិសនយោបាយលើទិសដៅឆ្ពោះទៅមុខរបស់ ស.ស.យ.ក.។
ក្នុងបទអន្តរាគមន៍នាឱកាសនោះ អង្គប្រជុំ បានស្តាប់របាយការណ៍ និងផ្តល់ជា មតិ យោបល់ដើម្បីជាធាតុចូលក្នុងការលើកតម្កើងកិត្តិនាមស.ស.យ.ក. តាមរយៈការ បន្ត ពង្រឹងភាពខ្លាំង និងកែប្រែភាពខ្សោយទៅជាកាឡានុវត្តភាព។ ក្នុងនោះដែរ សមា ជិក អង្គប្រជុំបានចូលរួមចែករំលែកនូវឧត្តមានុវត្តន៍លើកិច្ចការងារ មួយចំនួន ដើម្បី ពង្រឹង និងពង្រីកសមាជិកភាព និងអត្តសញ្ញាណរបស់ ស.ស.យ.ក.។ ទន្ទឹម នឹង នេះ សមាជិកក៏បានគូសបញ្ជាក់ពីភាពសំខាន់ក្នុងការលើកតម្កើង និងបង្ហាញកិត្យា នុ ភាព ស.ស.យ.ក. តាមរយៈការបង្កើតកម្មវិធីព្រឹត្តការណ៍នានា ដែលជាវេទិកា អាច បញ្ជ្រាបពីបុព្វហេតុ ស.ស.យ.ក. ឱ្យបានទូលំទូលាយទៅដល់សាធារណជន និង ស្រទាប់យុវជនផងដែរ។
ក្នុងកំលុងពេលរៀបចំកិច្ចប្រជុំនេះ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល បានមកជួបជុំគ្នាចែករំលែកស្នាមញញឹម ក្តីសប្បាយរីករាយ ជាមួយអាហារពេល ល្ងាច រួម គ្នាក្នុងរាត្រីដ៏ស្រស់ត្រកាលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥។ ក្នុងកម្មវិធី ក៏មានការដាក់ដេញថ្លៃរូបគំនូររបស់ប្អូនកុមារដែលមានពិការភាព មកពីវិទ្យាល័យ អប់រំ ពិសេស ខេត្តសៀមរាបដើម្បី ប្រមូលថវិកាទៅជួយទ្រទ្រង់ដល់មន្ទីរពេទ្យជ័យ វរ្ម័នទី ៧ ( គន្ធបុប្ផា) មន្ទីពេទ្យកុមារអង្គរ និងវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប។
ក្រៅពីការប្រជុំ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក៏ជាឱកាសជួបជុំមួយដែល សមា ជិក សមាជិកាបានបង្ហាញពីស្មារតីសាមគ្គី និងឯកភាពគ្នា ក្នុងការបន្តស្មារតី ២ធ្នូ របស់បិតាស្ថាបនិក កាលពី ៤៧ ឆ្នាំមុន និងការចូលរួមចំណែកតាមរយៈ ការងារ ស្ម័គ្រ ចិត្ត និងចូលរួមសម្រេចចក្ខុវិស័យសម្រាប់កម្ពុជាផងដែរ។
នៅក្នុងថ្ងៃទី៣ នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សមាជិក សមាជិកាទាំងអស់ បាន ចូល រួមសកម្មភាពបែបលំហាត់ប្រាណនៅក្រៅសាលប្រជុំ។ កម្មវិធីនេះគឺជា ផ្នែក មួយ នៃការពង្រឹងស្មារតីក្រុម និងការកំសាន្តមួយបែបដើម្បីបង្កើនភាពស្និទស្នាល និងរំសាយភាពតានតឹងពីការងារ។ ទោះកម្មវិធីបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ស្រាងៗ តែសមាជិក សមាជិកាទាំងអស់នៅតែមានភាពស្វាហាប់ និងចូលរួមយ៉ាង សកម្ម។ ជាពិសេស នៅលើផ្ទៃមុខគ្រប់គ្នាសុទ្ធតែជាប់នូវស្នាមញញឹម សំណើច ក្អាកក្អាយ យ៉ាងក្លៀវក្លាក្រៃលែង។
តាមរយៈកិច្ចប្រជុំនៅថ្ងៃចុងក្រោយគណៈកម្មាធិការកណ្តាលបានបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែម និងគណៈអចិន្រ្តៃយ៍ ចំនួន ៧រូប និងគណៈកម្មាធិការ កណ្តាល ចំនួន ៨រូប ដោយអនុលោមតាមប្រការ១៦ ជំពូកទី៤នៃលក្ខន្តិកៈសហភាព សហព័ន្ធយុវជនកម្ពុជា។ ជាមួយគ្នានោះ អង្គប្រជុំក៏បានអនុម័តលើវិសោធនកម្ម បទ បញ្ជាផ្ទៃក្នុង ស.ស.យ.ក. និងបានប្រគល់ភារកិច្ចជូនលោក ឌី វិជ្ជា អនុប្រធាន សហ ភាព សហព័ន្ធយុវជនកម្ពុជា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ស.ស.យ.ក.។
សមាសភាពដែលត្រូវបានជ្រើសតាំងជាសមាជិកគណៈអចិន្ត្រៃយ៍រួមមាន៖ លោក ធន់ វឌ្ឍនា លោកស្រី គង់ បញ្ញា លោក អ៊ាង សុផល្លែត លោក ហួត ហាក់ លោក ចាយ បូរិន លោក ថោ ជេដ្ឋា និងលោក ឆាយ ឫទ្ធិសែន។ ដោយឡែកសមាសភាព បំពេញ បន្ថែមគណៈកម្មាធិការកណ្តាល រួមមាន៖ លោក អ៊ាង សុផល្លែត លោក ហួត ហាក់ លោក ចាយ បូរិន លោក ថោ ជេដ្ឋា លោក ឆាយ ឫទ្ធិសែន លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី លោក គួច ចំរើន និងលោក យ៉ម ផារ៉ូត៕

Leave a Reply

Your email address will not be published. Required fields are marked *