(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វិធានការដែលកម្ពុជាដាក់គឺជាការឆ្លើយតបដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដី ពោលគឺកម្ពុជាមិនចង់បានដីអ្នកណាសូម្បី ១មីលីម៉ែត្រ ហើយក៏មិនឱ្យគេបំពាន ១មីលីម៉ែត្របានដែរ។ នេះហើយជាការប្តេជ្ញាចិត្តរបស់កម្ពុជា។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី «បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) នៅសណ្ឋាគារសុខាសៀមរាប» នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគាំទ្រការវាយលុកដើម្បីការពារឧត្តមប្រយោជន៍យើងធ្វើនៅលើសមរភូមិច្បាប់ទៅ ICJ កងទ័ពស្រួចរបស់យើង សមរភូមិការទូត ហើយបើចាំបាច់សមរភូមិយោធា។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យកម្លាំងជាតិទាំងមូលនៅពីក្រោយទ័ពស្រួចរបស់យើងទាំង ៣មុខ ព្រួញដើម្បីធ្វើការដោយមានការទុកចិត្តលើរាជរដ្ឋាភិបាល ផ្តល់ការទុកចិត្តទៅលើកងកម្លាំងប្រដាប់អាវុធពីសមត្ថភាព និងឆន្ទៈរបស់ពួកគាត់ដើម្បីពួកគាត់ប្រមូលផ្តុំគំនិត ប្រមូលផ្តុំអារម្មណ៍ដើម្បីត្រៀមការពារជាតិការពារទឹកដី។ ក្រុមចរចាច្បាប់ជំរុញការងារនេះទៅ ICJ ការងារការទូត និងការងារផ្សេងៗទៀតដែលយើងត្រូវធ្វើដើម្បីការពារអធិបតេយ្យភាព មុខមាត់ជាតិរបស់យើងពីការវាយបំផ្លាញ និងការប៉ុនប៉ង់បំបាក់មុខកម្ពុជានៅលើឆាកអន្តរជាតិ៕