កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអំពាវនាវឱ្យចិនបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ប្រភពពីសារព័ត៌មាន Reuters។
លោក Rubio ធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures នៃស្ថានីយទូរទស្សន៍ Fox News និងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា សភាអ៊ីរ៉ង់បានអនុម័តវិធានការមួយដើម្បីបិទច្រកសមុទ្រ Hormuz ជាទីដែល ២០ភាគរយនៃប្រេង និងឧស្ម័នត្រូវបានដឹកជញ្ជូនតាមចក្រសមុទ្រមួយនេះ។ លោក Rubio បានគូសបញ្ជាក់ថា លោកបានជំរុញឱ្យរដ្ឋាភិបាលចិនក្នុងទីក្រុងប៉េកាំងប្រាប់អ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz ពីព្រោះថាចិនពឹងផ្អែកយ៉ាងខ្លាំងលើច្រកសមុទ្រនេះដើម្បីប្រេង។
តាមប្រមុខការទូតអាមេរិករូបនេះ ប្រទេសផ្សេងទៀតរួមមានទាំងចិន នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ខ្លាំងជាងសហរដ្ឋអាមេរិកទៅទៀត ប្រសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រនេះមែន ហើយថាការបិទ ច្រកសមុទ្រ Hormuz គឺជាទង្វើបង្កើនជម្លោះដែលនឹងតម្រូវឱ្យអាមេរិក និងបណ្ដាប្រទេសដទៃឆ្លើយតបឱ្យបានស័ក្តិសម៕