Update៖ សភាអ៊ីរ៉ង់ អនុម័តផ្អាកកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់UN!

នៅថ្ងៃពុធ ទី២៥ ខែមិថុនា សភានៃប្រទេសអ៊ីរ៉ង់ បានអនុម័តសេចក្តីព្រាងច្បាប់មួយផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN)។

ប្រភពពីសារព័ត៌មាន Reuters។

សេចក្តីព្រាងច្បាប់ខាងលើ នៅត្រូវការការយល់ព្រមចុងក្រោយពីឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ ទើបអាចចូលជាធរមានជាផ្លូវការ។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ កើតមានឡើងបន្ទាប់ពីសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ ជាមួយអ៊ីស្រាអែល ដែលបានអះអាងថា មានបំណងចង់ទប់ស្កាត់កុំឱ្យទីក្រុងតេហេរ៉ង់ អភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បាននិយាយថា ប្រទេសអ៊ីរ៉ង់ នឹងពន្លឿនកម្មវិធីនុយក្លេអ៊ែរស៉ីវិលរបស់ខ្លួន ហើយបានរិះគន់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ថា បានបដិសេធថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកមកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Baqer Qalibaf បានបន្តថា ដោយសារតែហេតុផលនេះ ទីភ្នាក់ងារថាមពលអាតូមិកអ៊ីរ៉ង់ នឹងផ្អាកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ IAEA រហូតទាល់តែសន្តិសុខនៃទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានធានា។
អ៊ីរ៉ង់បដិសេធការចោទប្រកាន់ដែលថា ខ្លួនមានមហិច្ឆតាចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕

Leave a Reply

Your email address will not be published. Required fields are marked *