កាលពីថ្ងៃពុធ ទី២៥ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអាមេរិក នឹងបើកកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ នៅសប្ដាហ៍ក្រោយ ក្នុងនោះលោកត្រាំក៏បានកោតសរសើរការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ដែលនាំទៅរក ការបិទបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មាន Reuters។
លោក ត្រាំ នៅតែទទូចថាការវាយប្រហារទម្លាក់គ្រាប់បែក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានបំផ្លាញកម្មវិធីនុយក្លេអ៊ែរ ហើយបានចាត់ទុកថានេះជាជ័យជម្នះសម្រាប់ មនុស្សគ្រប់គ្នា បើទោះជាការវាយតម្លៃបឋមរបស់ចារកម្មអាមេរិកបានឱ្យដឹងថាការវាយប្រហាររបស់អាមេរិកមិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអីរ៉ង់ ដោយត្រឹមតែបង្អាក់ ការរីកចម្រើនបានត្រឹមប៉ុន្មានខែក៏ដោយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងឡាអេ ជាទីដែលរូបលោកបានចូលរួមកិច្ចប្រជុំកំពូល NATO កាលពីថ្ងៃពុធ លោក ត្រាំ បានបញ្ជាក់ថាលោកផ្ទាល់ជឿថាអ៊ីរ៉ង់ នឹងត្រឡប់មករកកិច្ចចរចាដើម្បីផ្សះផ្សារ។យើងនឹងជួបចរចាជាមួយអ៊ីរ៉ង់នៅសប្ដាហ៍ក្រោយ។ នេះជាការលើកឡើង របស់លោក ត្រាំ ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕